(ព្រះវិហារ)៖ ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកា របស់ប្រកសិករក្នុងការជួលកម្លាំងពលកម្មមកប្រមូលផលស្រូវដែលទុំពេញវាលស្រែ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន បានចុះមកជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានថ្លែងថា រដូវនេះជារដូវប្រមូលផល ជារដូវច្រូតកាត់ស្រូវ ដែលក្រុមគ្រួសារនិមួយៗ កំពុងតែមានភាពមមាញឹកដោយឡែក គ្រួសារខ្លះទៀតដោយសារតែសមាជិកគ្រួសារតិច បានបង្ខំចិត្តជួលកម្លាំងពលកម្មពីខាងក្រៅ មកជួយបន្ថែមទៀត ដោយពិនិត្យឃើញនូវទិដ្ឋភាព បែបនេះ ទើបលោករួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធព្រមទាំងក្រុមយុវជន បានសហការគ្នាចុះជួយច្រូតស្រូវជនប្រជាពលរដ្ឋ ហើយលោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតកម្លាំងពលកម្ម ក្នុងការច្រូតស្រូវសូមទំនាក់ទំនងមកជាមួយ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដើម្បីឲ្យចាត់កម្លាំងចុះជួយច្រូតស្រូវ។

លោក អ៊ុន ចាន់ដា បានសំដែងនូវក្តីសប្បាយរីករាយដែលខេត្តព្រះវិហារ អាចផលិតបានបានស្រូវសរីរាង្គដែលមានក្រុមហ៊ុនធំៗ ចុះកុងត្រាក្នុងការ ទទួលទិញសម្រាប់នាំចេញលក់បន្តនៅក្រៅប្រទេស ដែលចំណុចនេះ លោកសូមឲ្យប្រជាកសិករត្រូវមានភាពស្មោះត្រង់ ក្នុងការផលិត ដើម្បីឲ្យក្រុមហ៊ុនបញ្ជាទិញឲ្យកាន់តែច្រើននៅឆ្នាំក្រោយៗទៀត។

លោក អ៊ុន ចាន់ដា ក៏បានធ្វើការប្រៀបធៀបការផលិតស្រូវរបស់ប្រជាកសិករនៅពេលបច្ចុប្បន្ន និងការផលិតស្រូវនៅរបបប៉ុលពត គឺខុសគ្នាឆ្ងាយ ដូចមេឃ និងដីស្រូវដែលយើងខំធ្វើបាននៅជំនាន់ ប៉ុលពត មិនមែនជារបស់កម្មសិទ្ធយើងទេ គឺជារបស់រួមប៉ុន្តែស្រូវដែលយើងផលិតបាននៅ សម័យសម្តេចតេជោ ហ៊ុន សែន គឺជាកម្មសិទ្ធស្របច្បាប់របស់យើចង់យើងលក់ក៏គ្មាន អ្នកណាគេមកថាឲ្យយើងដែរដែលបញ្ហានេះ លោកសូម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនដែលឃុបឃិតជាមួយបរទេសមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រជាពលរដ្ឋ កំពុងរស់នៅដោយក្តីសុខសាន្ត និងមានសិទ្ធសេរីភាព។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណដល់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តព្រះវិហារ ដែលបានរៀបចំកម្មវិធីនេះ ឡើងប្រកបដោយអត្ថន័យដ៏ធំធេង និងភាពស្និទស្នាលរីករាយ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា ទិន្នផលស្រូវឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន នេះដោយសារ ទឹកភ្លៀងបានធ្លាក់ស្រោចស្រពគ្រប់ទីកន្លែង ក្នុងឆ្នាំ២០១៧នេះ ដោយខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងល្អប្រមាណ១៦០មីលីម៉ែត្រ ហើយក្នុងនោះការធ្លាក់ទឹកភ្លៀងមានរបាយស្មើសាច់ល្អ បើយើងគិតត្រឹមសប្តាហ៍ទី២ក្នុងខែវិច្ឆិកា ក្នុងការបង្កបង្កើនផល យើងបានពី៣០ទៅ៤៣% មានន័យថាផ្ទៃដី ដែលយើងដាំដុះប្រមាណ៨៥០០០ហិកតា យើងច្រូតបាន២៦១២១ហិកតាហើយ ស្មើនិង៣០%ជាង នេះការងារបង្កបង្កើន ផលដំណាំស្រូវ ជាទូទៅយើងច្រូតបានតែប្រភេទស្រូវស្រាលប៉ុណ្ណោះ៕