(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ​លោកស្រី មុំ ចាន់ដានី ត្រូវបានប្រកាសឲ្យចូលកាន់មុខដំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ជំនួសលោក សន សុផល ដែលត្រូវបានសម្រួលភារកិច្ចថ្មី។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនាឱកាសនោះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលមន្ទីរ សម្រេចបាននូវលទ្ធផលការងារបានយ៉ាងល្អ នាពេលកន្លងមក ។ លោកបន្តថា ការផ្លាស់ប្តូរ និងការផ្ទេរភារកិច្ចគឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ត្រូវបន្តដឹកនាំឲ្យបានប្រសើរជំរុញសាមគ្គីភាពផ្ទៃក្នុងយកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងទាន់ពេលក្នុងការជួយដល់ជនអនាថា ជនចាស់ជរា និងអ្នកសុំទានតាមដងផ្លូវក្នុងរាជធានី។

លោកអភិបាលរាជធានីបន្តថា ដើម្បីសម្រេចភារកិច្ចនេះឲ្យបានល្អ មន្ទីរត្រូវខិតខំលើកផែនការការងារឲ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តដោយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីបានបំពេញការងារយ៉ាងល្អ នាពេលកន្លងមកនេះ។ លោកថា ការប្រកាសតែងតាំងនេះ ធ្វើឡើងជាធម្មតា ទៅតាមនីតិវិធីវិធីនៃច្បាប់ ជាក់ស្តែងសម្រាប់ពេលនេះ គឺបានប្រកាស់តែងតាំងលោកស្រីមុំ ចាន់ដានី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកសន សុផល។ ដូច្នេះលោកស្រីប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់ ប្រកបដោយជោគជ័យនិងសហការការ សាមគ្គីភាពឲ្យបានល្អ ដើម្បីជម្រុញឲ្យមន្ទីរនេះកាន់តែទទួលបានការគាំទ្រ មានជំនឿជឿទុកចិត្តមកលើមន្ទីរនេះ។

លោកស្រី មុំ ចាន់ដានី បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកស្រីនឹងយកអស់កម្លាំងកាយចិត្តបំរើការងារជូនប្រជាពរដ្ឋ និងបង្កើនការងារឲ្យបានទ្វេដង ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់ឲ្យមានសុវត្ថិភាព។

លោកស្រីថា ក្នុងនាមលោកស្រីជាប្រធានមន្ទីរនេះ លោកស្រីនឹងបំពេញលើការងារនេះ ឲ្យកាន់តែល្អ ដោយត្រូវជួយទាំងកាយ និងចិត្តដល់អ្នកមានបញ្ហាគ្រឿងញៀន និងជនអនាថាជាដើម។

លោកស្រី ប្រធានមន្ទីរ បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់រដ្ឋបាលរាជធានី និងអង្គភាពពាក់ព័ន្ធនានា, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលាជូនដល់ប្រជាពលរដ្ឋ និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕