(កណ្តាល)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឆន ចិន នាយសង្កាត់ជលផលស្រុកស្អាង ដោយមានការសហការជាមួយលោកមេឃុំ លោកមេប៉ុស្តិ៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ដល់ក្រុមប្រជានេសាទឲ្យបញ្ឈប់ការធ្វើសកម្មភាពនេសាទខុសច្បាប់ និងពន្យល់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មច្ឆាជាតិ ដែលបណ្តាលមកពីការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ទាំងអស់នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

លោក ឆន ចិន បានថ្លែងថា បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកអំបិល ពីសកម្មភាពអ្នកនេសាទខុសច្បាប់យ៉ាង អនាធិតេយ្យនៅក្នុងបឹងព្រែកគ្រោះ ភូមិព្រែកគ្រោះ និងក្នុងស្ទឹងកូនជ្រែ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ទើបលោក វ៉ិត ធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានណែនាំដល់នាយសង្កាត់ជលផលស្អាង ឲ្យដឹកនាំមន្ត្រីសង្កាត់ចុះទៅសហការជាមួយអាជ្ញាធរ មូលដ្ឋានរួចអញ្ជើញបងប្អូនអ្នកនេសាទ មកប្រជុំផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារការនេសាទខុសច្បាប់ ជាលទ្ធផល បងប្អូនប្រជានេសាទ បានយល់រួចហើយសន្យាថា និងចូលរួមជាមួយអាជ្ញាធរនិងមន្ត្រីជលផលបញ្ឈប់នូវសកម្មភាពរបស់ខ្លួន និងចូលរួមថែរក្សាធនធានធម្មជាតិ ឲ្យកាន់តែសំបូរបន្ថែមទៀត។

លោក ឆន ចិន បានបន្តថា ដើម្បីទប់ស្កាត់រាល់បទល្មើសនេសាទខុសច្បាប់ លោកបានដឹកនាំមន្ត្រីសង្កាត់ជលផលស្អាង ចុះទៅប្រជុំផ្សព្វផ្សាយដល់អ្នកនេសាទទាំងនោះ ឲ្យពួកគាត់បញ្ឈប់សកម្មភាពរបស់ខ្លួន ដោយមានការចូលរួមពីលោក មេភូមិ មេឃុំ និងមេប៉ុស្តិ៍ ដោយមានបងប្អូនអ្នកនេសាទចូលរួម១៦នាក់ផងដែរ។

ក្រោយពីប្រជុំផ្សព្វផ្សាយរួចប្រជាអ្នកនេសាទបានឯកភាព ផ្តិតមេដាយ បញ្ឈប់នៅសកម្មភាពរបស់ខ្លួនដោយរុះរើ នូរបាំងធ្នស់ស្បៃមុង និងសំណាញ់សាច់អួនក្រឡាញឹក ងាកមករកការនេសាទស្របច្បាប់វិញ។

លោក ឆន ចិន បានបញ្ជាក់ថា លោក វ៉ិត ធារិទ្ធ តែងតែក្រើនរំលឹកដល់មន្ត្រីថ្នាក់ក្រោមឲ្យខិតខំ ឲ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ បទល្មើសនេសាទ និងឧស្សាហ៍ចុះណែនាំដល់ប្រជានេសាទឲ្យគាត់បានយល់ពីផលប៉ះពាល់ដោយសារនេសាទខុសច្បាប់ឲ្យងាកមករករបរ នេសាទស្របច្បាប់ និងចិញ្ចឹមត្រីជាលក្ខណគ្រួសារដើម្បីបង្កើនរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋផងដែរ៕