(ភ្នំពេញ)៖ លោកឧកញ៉ា ព្រុំ សិទ្ធី អគ្គនាយកក្រុមហ៊ុនបុរីអង្គរភ្នំពេញ ត្រូវបានអាជ្ញាធរអះអាងថា បានក្រាលចាក់ជាបេតុងយ៉ាងរឹងមាំលើប្រឡាយមេទាំងបំពានច្បាប់ ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ ការស្ដារប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ និងអាជ្ញាធរខណ្ឌសែនសុខ ដែលកំពុងអនុវត្តបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ចោទថា​ បានប្រើពាក្យមិនសមរម្យដាក់ទៀតផង និងបានចោទអាជ្ញាធរថា បានបើកភ្លើងខៀវឲ្យឈ្មួញប្រើរថយន្ដតូចធំគ្រប់ប្រភេទ ធ្វើចរាចរដឹកដីលើដងផ្លូវបុរីអង្គរភ្នំពេញ បណ្ដាលឲ្យរងការខូចខាត ទាំងគ្មានមូលដ្ឋានច្បាស់លាស់។

ការប្រឈមនេះ បានកើតមានឡើងនៅក្នុងទីសាធារណៈ ខណៈដែលអភិបាលរងរាជធានីភ្នំពេញលោក អៀង អូននី បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌសែនសុខ និងអាជ្ញាធរសង្កាត់ រួមជាមួយមន្ត្រីតាមបណ្ដាការិយាល័យចំណុះជំនាញពាក់ព័ន្ធជាច្រើននាក់ ចុះទៅត្រួតពិនិត្យដោយផ្ទាល់ពីស្ថានភាពប្រឡាយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីចំណុចស្ពានលោកឧកញ៉ា ម៉ុង រិទ្ធី ក្នុងភូមិកោះអណ្ដែត ព្រុំប្រទល់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដេញមកខាងជើងឆ្លងកាត់ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រហូតមកដល់ប្រឡាយអូរអង្កាមជាប់ផ្លូវបុរីអង្គរ ចូលមកតាមប្រឡាយអូរអាគុជ ឆ្លងកាត់រហូតមកដល់ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ធ្លាក់ទៅដល់ហ្គ្រេនភ្នំពេញ ព្រុំប្រទល់សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រហូតធ្លាយដល់ផ្លូវទំនប់កប់ស្រូវ។

ការចុះពិនិត្យប្រឡាយខាងលើនេះ បានធ្វើឡើង ដើម្បីរិះរកមធ្យោបាយរំដោះទឹកចេញពីរាជធានីភ្នំពេញ គោលបំណងបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ ក្រោយពីទទួលបានការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕