(កំពង់ចាម)៖ ជំទប់ទី១ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។​

នេះបើតាមលិខិតប្រកាសចុះចូល ដែលផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឡុង ប៊ុន្នី តំណាងរាស្ដ្រទើបលាលែងពីគណបក្សសង្គ្រោះជាតិ ដែលអង្គភាព Fresh News ទទួលបាន​នៅ​រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក ញឹក សុខុម ​​​​មានទីលំនៅជាជំទប់ទី១ នៃឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ​បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។

តាមលិខិតដែលអង្គភាព Fresh News ទទួលបានលោក ញឹក សុខុម ​បានបញ្ជាក់យ៉ាងដូច្នេះថា «​​​បន្ទាប់ពីខ្ញុំបាទបានមើល និងស្ដាប់វីដេអូដែល លោក កឹម សុខា ទើបខ្ញុំបាទបាទយល់ច្បាស់ថា លោក កឹម សុខា បានរៀបចំគម្រោងផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំសម្ដេចតេជោ ដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងតាមរយៈការឃុបឃិតជាមួយបរទេស។ សកម្មភាពរបស់លោក កឹម សុខា បានញុះញង់បំបែកបំបាក់ខ្មែរ ដោយសុខចិត្តឱនក្បាលបម្រើបរទេស ក្បត់ប្រទេសជាតិខ្លួនដើម្បីតែអំណាចផ្ទាល់ខ្លួន និងបក្សពួកខ្លួនតែប៉ុណ្ណោះ»។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕

(សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖​