(ម៉ានីល, ហ្វីលីពីន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីអូ ហ្គាតធើរ៉េស (Antonio Guterres) បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតចំពោះកងទ័ពមួកខៀវកម្ពុជា ជាពិសេសសុខសុវត្ថិភាពរបស់ពួកគេពេលបំពេញបេសសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក Antonio Guterres និងសហការីរបស់លោកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក អនឃួន សំអូន អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលបានចូលរួមយកព័ត៌មាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីលបានរាយការណ៍មកថា ក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ៤រូប​ ដែលត្រូវបានពលីជីវិតនៅអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាតែងរក្សាជំហរដ៏ម៉ឹងម៉ាត់បំផុតជាមួយអង្គការសហប្រជាជាតិ និងពិភពលោកក្នុងការរក្សានូវសុខសន្តិភាពនៅលើពិភពលោក។
ឈរលើស្មារតីនេះសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បើទោះបីកងទ័ពមួកខៀវរបស់កម្ពុជាបានជួបរឿងអកុសលយ៉ាងនោះក្តី តែកម្ពុជាមិនបានរាថយក្នុងការបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅតាមប្រទេសដែលបានជួបភ្លើងសង្រ្គាមនោះឡើយ។ លើសពីនេះទៀតកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពដល់កងកម្លាំងរបស់កម្ពុជា មុននឹងពួកគេចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

បើទោះបីជាមិនរាថយចំពោះកិច្ចការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋលើពិភពលោកយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានស្នើអគ្គលេខាធិការអង្កការសហប្រជាតិជួយពង្រឹងថែមទៀត ចំពោះសុខសុវត្ថិភាពកងទ័ពមួកខៀវកម្ពុជាក្នុងពេលបំពេញបេសកកម្មការងារ។

ឆ្លើយតបសំណើរបស់សម្តេចតេជោ ហ៊ុន សែន លោកអគ្គលេខាធិការ បានបញ្ជាក់ថា លោកនឹងជំរុញឲ្យមានការយកចិត្តទុកដាក់ថែមទៀត ចំពោះកងទ័ពមួកខៀវទាំងកម្ពុជា និងបណ្តាប្រទេសនាន ដែលបានចូលរួមជាមួយអង្កការសហប្រជាជាតិ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងមួកខៀវ ៤,៧៦៩នាក់ ក្នុងនោះស្រី ២០៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានាដូចជាសាធារណរដ្ខស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រីស និងម៉ាលីជាដើម។ បច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជាចំនួន ៨១១រូប ស្រី ៥៦រូបកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់។

គិតចាប់ពីឆ្នាំ២០១៤មកដល់បច្ចុប្បន្ន មានទាហានមួកខៀវកម្ពុជា ៩រូបបានពលី និង១១រូប រងរបួសដោយសារជំងឺគ្រុនចាញ់ ផ្ទុះអាវុធយុទ្ធភណ្ឌ និងការវាយប្រហារដោយក្រុមឧទាម៕