(កំពង់ស្ពឺ)៖ ថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ នៅតាមមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ បាននិងកំពុងបែកបាក់ជាបន្តបន្ទាប់ ដោយប្រកាសដើរចេញ ហើយមកចូលរួមជាមួយគណបក្ស កាន់អំណាចដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលការប្រកាសដើរចេញដោយស្ម័គ្រចិត្តទាំងនេះ បានកើតមានឡើង បន្ទាប់ពីពួកគេបានមើលឃើញពីទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ របស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈឃ្លីបវីដេអូ ដោយធ្វើតាមបញ្ជារបស់អាមេរិក ចង់បំផ្លាញជាតិសាសន៍ខ្លួនឯង។

ជាក់ស្តែងនៅថ្ងៃនេះ សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ គឺលោក ប៊ុន វិចិត្រ អាយុ៥០ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផ្ញើជូនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លោក ប៊ុន វិចិត្រ បានបញ្ជាក់ថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើនយោបាយបម្រើបរទេស ដែលជាទង្វើក្បត់ជាតិ និងធ្វើឲ្យខ្ញុំបាទអស់ជំនឿ លើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិតទៅទៀត»

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)