(បាត់ដំបង)៖ ប្រធានគណៈពង្រឹងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវឃ្លាំមើលសកម្មភាពរបស់សកម្មជន និងអង្គការទាំងឡាយណា ដែលធ្វើសកម្មភាពតាមមូលដ្ឋានខុសច្បាប់ ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងទប់ស្កាត់ឲ្យបាននូវការបង្កអសន្តិសុខនៅតាមមូលដ្ឋានយើង។

ការថ្លែងបញ្ជាក់ពីសំណាក់លោកអនុប្រធានគណៈពង្រឹងមូលដ្ឋានលោក លី ឌីនូរី បានធ្វើឡើងខណៈ លោកព្រមទាំងប្រធាន អនុប្រធានបក្សឃុំ សាខាបក្សភូមិ សកម្មជន យុវជនជាច្រើនរូបទៀត បានអញ្ជើញមកក្នុងពិធីប្រជុំបូកសរុបធ្វើបច្ចុប្បន្នភាពតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារស្រ្ពីងផាកក្រុងបាត់ដំបង។

លោក លី ឌីនូរី អនុប្រធានគណៈពង្រឹងឃុំជ្រោយស្តៅតំណាងឲ្យលោក នឹម ថូត សមាជិកគណៈកម្មាធិការប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោលបានលើកឡើងថា «កន្លងមកក្រុមការងារយើង បានចុះជួយកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទលើគ្រប់វិស័យ ដោយឡែកដើម្បីបម្រើប្រជាពលរដ្ឋ តាមសេចក្តីត្រូវការតាមមូលដ្ឋាននោះ គឺយើងបានកសាងសមិទ្ធិផលជាច្រើនដល់មូលដ្ឋាន និងជួយប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ។

លោកអនុប្រធានបានបន្តថា សកម្មជនបក្សCPPឃុំយើងទាំងអស់ត្រូវឃ្លាំមើល ពីសកម្មភាពដូចជា អំពើបាតុកម្ម កុបកម្ម ណាមួយកើតមានឡើងនៅក្នុងមូលដ្ឋានយើងនៅក្រោយពេលតុលាការកំពូលបានសម្រេចរំលាយបក្សប្រឆាំងនេះចោលទាំងស្រុងដោយបិទផ្លូវតវ៉ានោះ។ ព្រោះពួកគេគ្មាសិទ្ធអ្វី មកបង្កអសន្តិសុខសង្គមទៀតឡើយ តែបើមានសមាជិកបក្សប្រឆាំងណាបានមកសុំចូលរួមរស់នៅជាមួយបក្សCPPយើងនឹងស្វាគមន៍ទទួលដោយរក្សាតំណែងឲ្យនៅដដែល តាមប្រសាសន៍ដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើការអំពាវនាវថ្មីៗនេះក្នុងយុទ្ធសាស្រ្តឈ្នះៗដើម្បីផ្តល់ឱកាសបានបម្រើប្រជាពលរដ្ឋទាំងអស់គ្នា តែបើគេមិនមកយើងក៏មិនអាចបង្ខំគេបានឡើយនេះជាសិទ្ធិរបស់គេ។

លោក លី ឌីនូរី បានបញ្ជាក់ថា នៅកម្ពុជាមិនអាចមានអំពើបដិវត្តន៍ពណ៌បានជោគជ័យជាដាច់ខាត នេះក៏ដោយថ្នាក់ដឹកនាំជាន់ខ្ពស់បក្សCPP មានការឈ្លាវៃ ទប់ស្កាត់បានទាន់ពេលវេលា និងបានចាប់ខ្លួនមេបក្សប្រឆាំងដែលបានក្បត់ជាតិឯង ក្បត់ឆន្ទៈប្រជាពលរដ្ឋខ្លួនឯង ឃុបឃិតជាមួយបរទេសនៅពីក្រោយ។

នាឱកាសនោះ លោកអនុប្រធានក៏បានផ្តល់ដីចំនួន១៣ឡានតាមសំណើររបស់ប្រជាពលរដ្ឋយកទៅចាក់ធ្វើផ្លូវក្នុងភូមិនានា ជាមួយគ្នានេះដែរសកម្មជនមួយចំនួន ក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើជាងមុន។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់លោកអនុប្រធានក្រុមការងារបានផ្តល់ថវិកាកម្តរដៃម្នាក់ៗទទួលបាន២ម៉ឺនរៀលនិងសារ៉ុង១ផងដែរ៕