(ភ្នំពេញ)៖ បន្ទាប់ពីតុលាការខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា នាពេលថ្មីៗនេះបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ Zhang San Huo ប្រធានក្រុមប្រឹក្សាភិបាល និងឈ្មោះ Tse Michael Nam (Xie Nan Yang) អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Green Leader Holdings Group Limited នៅហុងកុង ពីបទ «ក្លែងបន្លំ»។

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញព័ត៌មាន Fresh News ទទួលបានព័ត៌មានច្បាស់ការណ៍ពីមន្រ្តីតុលាការបានឲ្យដឹងថា ជនត្រូវចោទអ្នកទាំងពីរខាងលើ ដែលត្រូវបាន តុលាការខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យចាប់ខ្លួននោះ មានមន្រ្តីជាន់ខ្ពស់មួយរូប កំពុងរត់ការជួយអន្តរាគមន៍ដើម្បីគេចផុតពីការចាប់ខ្លួនតាមដីការបស់តុលាការ។

មន្រ្តីតុលាការដដែលរូបនោះ បានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់រូបនោះកំពុងបំពានសិទ្ធិអំណាចរបស់តុលាការ។

ដីការបស់តុលាការខេត្តពោធិ៍សាត់បានសន្និដ្ឋានថា ជនទាំងពីរខាងលើ មានសកម្មភាព «ក្លែងបន្លំ» ដែលមានស្ថានភាពធ្ងន់ធ្ងរ យោងតាមមាត្រា៦២៦ និង៦២៧ នៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌហើយបានសម្រេចបង្គាប់ឲ្យចាប់ខ្លួន។

អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់ពីខាងក្រុមហ៊ុន Green Leader Holdings Group Limited បាននៅឡើយនោះទេ ជុំវិញការចេញដីកាចាប់ខ្លួននេះគិតត្រឹមល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្រុមហ៊ុនដែលជាដើមបណ្តឹង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងខែសីហាឆ្នាំនេះសាលាដំបូងខេត្តពោធិ៍សាត់បានទទួលបណ្ដឹង និងបន្ទាប់ពីធ្វើការ ស៊ើបអង្កេត និងស៊ើបសួររួច យល់ឃើញថា ឈ្មោះ Zhang San Huo និង Tse Michael Nam (Xie Nan Yang) មានជាប់ពាក់ព័ន្ធនឹងបទ «ក្លែងបន្លំ» ។ ចាប់ពីថ្ងៃទី៨ ខែកញ្ញា រហូតមក តុលាការបានចេញដីកាជាច្រើនរួមមាន ដីកាបញ្ជូនសំណុំរឿងឲ្យស៊ើបសួរ និងដីកាបង្គាប់ឲ្យចាប់ខ្លួន ។ល។ ដោយយល់ឃើញថា មានភស្ដុតាងបញ្ជាក់ថា ឈ្មោះ Zhang San Huo និង Tse Michael Nam (Xie Nan Yang) មានសកម្មភាពក្លែងបន្លំលើកិច្ចព្រមព្រៀងសហការ ជាមួយនឹងក្រុមហ៊ុនកម្ពុជាក្នុងស្រុក ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍ របស់ក្រុមហ៊ុនក្នុងស្រុក។ ការប្តឹងនិងឈានដល់ការចេញដីកាចាប់ខ្លួននេះ ដោយក្រុមហ៊ុននេះមានទីផ្សារភាគហ៊ុនមិនល្អឡើយនៅហុងកុង និងដោយសារការ រាយការណ៍ក្លែងក្លាយអំពីស្នាដៃ និងការប្រើប្រាស់ ឧបាយកលឆបោកនានា ក៏កើតមានវិវាទជាច្រើនជាមួយក្រុមហ៊ុន ក្នុងស្រុកបណ្ដាលឲ្យរងការចោទប្រកាន់ និងប្ដឹងផ្ដល់។

សូមជំរាបថា ក្រុមហ៊ុន Green Leader Holdings Group Limited ដើមឡើយ គឺជាក្រុមហ៊ុន North Asia Resource Holdings Limited ជាក្រុមហ៊ុនចូលទីផ្សារភាគហ៊ុន នៅហុងកុង ដែលដំបូងឡើយគឺធ្វើការអភិវឌ្ឍ ធនធានរ៉ែ នៅប្រទេសចិន ហើយប៉ុន្មានឆ្នាំថ្មីៗនេះបានចូលមកប្រទេសកម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនក្នុងស្រុកធ្វើការដាំដុះ និងកែច្នៃដំឡូងមី៕