(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យជនបរទេស គោលដៅសិប្បកម្មផលិតគុយទាវកាត់ ផ្ទះលេខ១២៦ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបានលោកប្រធាននាយកដ្ឋានបញ្ជាក់ថា បានត្រួតពិនិត្យឃើញមានជនបរទេសចំនួន៦នាក់ ស្រី​២​នាក់ ជាជនជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ដើម្បីធ្វើការផាកពិន័យ (គ្មានប័ណ្ណការងារ) មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត។

បច្ចុប្បន្នជនជាតិវៀតណាមទាំង៦នាក់នោះ ត្រូវបានសម្រេចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕