(ព្រះសីហនុ)៖ នៅថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​នេះ លោក កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ​បានចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល ដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ដែលមានទីតាំងនៅភូមិឬទ្ធី២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាព្យាបាល ដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ខាងលើនេះ គ្រោងចំណាយថវិកាជាង៦លានដុល្លារ សម្រាប់គម្រោងរហូតបញ្ចប់ ប៉ុន្តែថវិកាមិនអាចបំពេញតាម តម្រូវការជាក់ស្តែងនោះទេ ​ដូច្នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ សូមអំពាវនាវដល់ស​ប្បុរសជននានា និងដៃគូពាក់ព័ន្ធចូលរួមបរិច្ចាគបន្តទៀត។ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្រាប់អគាររដ្ឋបាលទើបតែសាងសង់បានប្រមាណ១០ភាគរយប៉ុណ្ណោះ។

ក្នុងឱកាសនោះ​ លោក កៅ​ ខុនដារ៉ា​ បានពិនិត្យមើលដំណើរការសាងសង់អគាររដ្ឋបាល​ ការតបណ្តាញអគ្គិសនី ការឈូសឆាយដី ការរៀបចំប្រពន្ធលូ ផ្លូវ ​ដែលការសាងសង់នេះទទួលបានថវិកា ពីមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីការលក់ឡៃឡុងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងមួយផ្នែកទៀត ទទួលបានសប្បុរសជនតាមរយៈមូលនិធិ ជួយសង្រ្គោះអ្នកញៀនគ្រឿងញៀន។

លោក កៅ​ ខុនដារ៉ា ​បានធ្វើការណែនាំឲ្យភាគីទទួលសាងសង់ត្រូវពង្រឹងគុណភាពសាងសង់ និងដំណើរការសាងសង់បានឆាប់រហ័ស ដើម្បីឲ្យគម្រោងការសង់សង់នេះឆាប់បានបញ្ចប់​ហើយមណ្ឌលឆាប់បានដំណើការទទួលជនរងគ្រោះ​។

សូមបញ្ជាក់ថា​ គម្រោងសាងសង់មជ្ឈមណ្ឌលទាំងមូលទទួលបានថវិកាពីមូលនិធិជាតិសម្រាប់ការប្រយុទ្ធ​ ពីសម្បុរសជន និងអាចទទួលបានថវិកាជំនួយពីភាគីវៀតណាម​ និងភាគីថៃ​។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧កន្លងទៅ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានគណកម្មការកសាងមជ្ឈមណ្ឌល​ និងលោក​ ង្វៀន​ ជុងដាម​ អនុរដ្ឋមន្រ្តីក្រសួងការងារ​ ជនពិការ​ និងសង្គមកិច្ច​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើកំណត់កិច្ចពិភាក្សាការងារសាងសងមជ្ឈមណ្ឌល ផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍។

ភាគីទាំងពីរ បានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១៖ការកសាងមជ្ឈមណ្ឌលនេះ មានគោលបំណងផ្តល់នូវសេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍​ និងធានាគុណភាព និរន្តរភាព នូវប្រសិទ្ធភាព​ គោរពគោលការណ៍គោរពសិទ្ធិមនុស្ស​ និងផ្អែកលើវិទ្យាសាស្រ្ត និងភ័ស្តតាងជាមូលដ្ឋាន។
ទី២៖គម្រោងថវិកាចំនួន៣លានដុល្លា​ គឺអាទិភាពលើការងារសាងសង់អគារសម្រាប់ការស្នាក់នៅ របស់អ្នកញៀនគ្រឿងញៀន និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ
ទី៣៖ភាគីទាំងពីរធ្វើការងារដោយសហការយ៉ាងជិតស្និទ្ធ​ ក្រោមស្មារតីសាមគ្គី​ រវាងគ្នានឹងគ្នា​ និងខិតខំពន្លឿនការរៀបចំនិងអនុវត្តគម្រោងនេះឲ្យបានឆាប់។

សូមបញ្ជាក់ថា​ មជ្ឈមណ្ឌលនេះ តាមការគ្រោងគម្រោងផែនការសាងសង់ គឺមានទំហំទឹកប្រាក់ជាង​៦លានដុល្លារ ដែលត្រូវការចូលរួមជាចាំបាច់ពីសំណាក់​ប្រទេសជាមិត្ត​ វិស័យឯកជន​ និងសប្បុរសជនជាតិ​ និងអន្តរជាតិ៕