(កំពត)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំប្រឡងជ្រើសរើសសិក្ខាកាម ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ ទេសចរណ៍តំបន់ឆ្នេរជំនាន់ទី៣ ក្រោមជំនួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានបេក្ខជន ប្រឡងចំនួន ៧០នាក់ លើភាសាឯកទេសចំនួន៧ មានអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តកំពត។

ការប្រឡងត្រូវបានរៀបចំតាមយន្តការ និងវិធានដែលគណៈកម្មការចម្រុះ នៃក្រសួងទេសចរណ៍ បានរៀបចំ និងដាក់ចុះសម្រាប់ការប្រឡងជ្រើសរើស សិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការចម្រុះ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់បេក្ខជនប្រឡងឲ្យខិតខំយកចិត្តទុកដាក់គោរពវិន័យប្រឡង ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីមានសមត្ថភាពខ្ពស់បម្រើវិជ្ជាជីវៈ ជាមគ្គុទ្ទេសក៍ទេសចរណ៍តាមតំបន់ឆ្នេរ រួមមាន៖ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។

បេក្ខជនត្រូវចូលរួមប្រឡងវិញ្ញាសាសរសេរ និងវិញ្ញាសាផ្ទាល់មាត់ដ៏តឹងរឹង។ បេក្ខជនជ័យលាភីនឹងត្រូវសិក្សារយៈពេល ១៦០ម៉ោង ផ្នែកទ្រឹស្តី និងត្រូវចុះកម្មសិក្សាអនុវត្តផងដែរ។  បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ សិក្ខាកាមត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនស្របច្បាប់។

វគ្គសិក្សានេះ បានបង្កើតឱកាសការងារបន្ថែមទៀតដល់យុវជននៅតំបន់ឆ្នេរ ឱ្យបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងសេចក្តី ត្រូវការរបស់ភ្ញៀវទេសចរដ៏ច្រើនកុះករមកទស្សនាតំបន់ឆ្នេរ​ ដែលជាសមាជិកនៃក្លឹបឆ្នេរដ៏ស្អាតបំផុតលើពិភពលោក ក៏ដូចជាត្រៀមចូលរួមអបអរសាទរ និងរង់ចាំទទួលបម្រើទេសចរ អំឡុងទិវាបុណ្យសមុទ្រលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកែប នាថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។

ការផ្ដល់ជំនាញ និងការងារជូនយុវជនកម្ពុជា ជាយុទ្ធសាស្ត្រអាទិភាពមួយ ដែលក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដោយឈើលើទស្សនទាន «ស្អាត និងបៃតង»។ ក្នុងន័យនេះ ក្រសួងបានលើកទឹកចិត្តដល់ប្រតិបត្តិករ ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងភាគីពាក់ព័ន្ធនានា ឲ្យខិតខំបណ្ដុះបណ្ដាលអ្នកកំពុងបម្រើការងារ និងយុវជនក្មេងៗឲ្យទទួលបាន ជំនាញច្បាស់លាស់ ស្របតាមស្តង់ដាកម្មវិធីសិក្សា និងវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ ដែលក្រសួងទេសចរណ៍បានផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់។

សូមរំឭកថា ដោយមានសុខសន្តិភាព និងសុវត្ថភាពពេញផ្ទៃប្រទេស ទេសចអន្តរជាតិមកទស្សនាកម្ពុជាមានការកើនឡើង ជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣,៤០០លានដុល្លារ ស្មើនឹង ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។

រយៈពេល៩ខែ ឆ្នាំ២០១៧នេះ​ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,៥២២,៣៨៣នាក់ កើនឡើង ១២% ធៀបនឹងរយៈពេលដូចនាឆ្នាំ២០១៦​ ក្នុងនោះតំបន់ឆ្នេរទទួលបាន ៥៥៤,៦១៣នាក់ កើនឡើង ១៥.៧%។
ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត១លាននាក់៕