(ស្វាយរៀង)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុង-ខេត្ត​ស្វាយរៀងម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក កែវ ណារិន អាយុ២៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទមើលឃើញថា ការដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ពុំដែលធ្វើអ្វីនំាឲ្យមានផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋម្តង​ណាឡើយ។ ហើយថ្នាក់ដឹកនាំបក្ស ក៏មានគំនិតក្បត់ជាតិ និងកុ្បត់ប្រជាជន ទៅឃុបឃិតជាមួយបរទេស។ ដូច្នេះខ្ញុំបាទសុំរួមរស់ជាមួយជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ដោយគណបក្សប្រជាជន មានគុណបំណាច់ ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស»។

លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក៏បានទទួលលោក កែវ ណារិន សមាជិកគណបក្សថ្មី យ៉ាងរាក់ទាក់បំផុត។

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ (សូមស្តាប់ប្រសាសន៍សម្តេច)