(ភ្នំពេញ)៖ ស្រ្តីម៉ាស្សាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ វេលាម៉ោង១៣និង១០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាអំពើរំលោភហើយសម្លាប់ចោល។

លោក ហួ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News «ករណីនេះអាចរឿងរំលោភ ហើយសម្លាប់ តែនៅពេលនេះ យើងកំពុងរង់ចាំខាងសមត្ថកិច្ចកោសល្យវិច័យ ចុះមកពិនិត្យសពសិន»

បើតាមអធិការរងរូបនេះ ស្រ្តីរងគ្រោះជាអ្នកកោសជប់ម៉ាស្សា បានដេកស្លាប់ដោយមានកន្សែងរំក និងដែកលួសជាប់និងក។ នាងមានឈ្មោះ ឆន ធឿន អាយុ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ»។

នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចា​ប់ជនដៃដល់ យកមកផ្តន្ទាទោស តាមច្បាប់៕