(សៀមរាប)៖ ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ នៃ​ «វេទិកាធុរកិច្ច និងវិនិយោគដំឡូងមី» ដែលរៀបចំឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធបង្កើនការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃដំឡូងមី ដើម្បីធានានិរន្តភាពពាណិជ្ជកម្មដំឡូងមីនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានថ្លែងថា ដំឡូងមី គឺជាពាណិជ្ជកម្មដ៏សំខាន់ និងមានសក្តានុពលបំផុត ដែលអាចបង្កើតការងារពហុវិស័យជូនប្រជាជន និងនាំមកនូវប្រាក់ចំណូលយ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិ។

«វាតម្រូវឱ្យមានការវិនិយោគកាន់តែច្រើន ពីវិស័យឯកជន និងភាគីពាក់ព័ន្ធលើខ្សែសង្វាក់តម្លៃរាប់តាំងពីវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្ម, ក្រុមហ៊ុនផលិតជី និងគ្រាប់ពូជ, អ្នកផលិត និងកែច្នៃម្ហូបអាហារ, ភ្នាក់ងារផ្សព្វផ្សាយទីផ្សារ និងជំរុញការនាំចេញ ព្រមទាំងក្រុមហ៊ុនភ័ស្តុភារ និងដឹកជញ្ជូន»។ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់បន្ថែម។

បន្ថែមលើសនេះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងពាណិជ្ជកម្ម និងការវិនិយោគ និងបានបង្ហាញអំពីដំណោះស្រាយសមស្រប ចំពោះការផ្លាស់ប្តូរចំនួនបី ដែលកម្ពុជាកំពុងប្រឈមសព្វថ្ងៃនៅក្នុងវិស័យដំឡូងមី រួមមាន៖ (១) ការកើនឡើងយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងរបៀបដែលកម្ពជាអាចទាញយកផលប្រយោជន៍ពាណិជ្ជកម្ម និងលំហូរវិនិយោគ ដើម្បីពន្លឿនកំណើនលូតលាស់ និងការអភិវឌ្ឍនៅក្នុងសេដ្ឋកិច្ចពិភពលោក (២) របៀបដែលពាណិជ្ជកម្ម និងការវិនិយោគ ត្រូវបានផ្សារភ្ជាប់គ្នាកាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចដំឡូងមី និង (៣) របៀបដោះស្រាយបញ្ហាប្រឈម ចេញពីទស្សនវិស័យគោលនយោបាយ។

ទន្ទឹមគ្នានេះដែរ លោក នីក ប៊ឺរេសហ្វត (Nick Beresford) នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានលើកឡើងថា ផលិតកម្មដំឡូងមីបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានតម្រូវការខ្ពស់ពីទីផ្សារសាកល ដើម្បីកែច្នៃជាផលិតផលសម្រេចផ្សេងៗ។ កត្តានេះ បានផ្តល់នូវប្រភពកំណើនថ្មីសម្រាប់កម្ពុជា, ឱកាសសម្រាប់អភិវឌ្ឍន៍តំបន់ជនបទ និងការបង្កើនប្រាក់ចំណូលប្រជាជន ដែលមិនត្រឹមតែសំរាប់ឧស្សាហកម្មទេ ប៉ុន្តែក៏សម្រាប់គ្រួសារកសិករដែលមានប្រាក់ចំណូលទាបផងដែរ។

«យើងមើលឃើញករណីអាជីវកម្មច្បាស់លាស់មួយ សម្រាប់ការវិនិយោគវិស័យឯកជនលើវិស័យដំឡូងមី នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់តម្លៃប្រកួតប្រជែងខ្ពស់សម្រាប់ដំឡូងមីឆៅ និងកែច្នៃ។ ប្រទេសនេះ សម្បូរដីមានជីជាតិ អាចផលិតបានដំឡូងមី ២០តោនក្នុងមួយហិកតា ខ្ពស់ជាងឧស្សាហកម្មស្តង់ដារទាំង ១២ផ្សេងទៀត»។ លោកនីក ប៊ឺរេសហ្វត បានគូសបញ្ជាក់។

នាយកអង្គការ UNDP ក៏បានសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់នូវបរិយាកាសចាំបាច់ សម្រាប់កាត់បន្ថយហានីភ័យ និងស្រូបទាញការវិនិយោគឯកជនកម្រិតខ្ពស់ដូចជា៖ ការបង្កើតគោលនយោបាយច្បាស់សាល់ និងការវិនិយោគសាធារណៈនៅក្នុងវិស័យសំខាន់ៗ ដើម្បីតភ្ជាប់កសិករ និងក្រុមហ៊ុនឯកជន ជាមួយកាលានុវត្តភាពសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រោមការសហការ និងគាំទ្រពីកម្មវិធី UNDP «វេទិកាធុរកិច្ច និងវិនិយោគដំឡូងមី» នឹងត្រូវរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ។ សម្រាប់ពិធីបើកព្រឹកនេះ ក៏បានទាក់ទាញការចូលរួមយ៉ាងច្រើន ពីមន្ត្រីរាជរដ្ឋាភិបាល សេដ្ឋវិទូ អ្នកជំនាញកសិកម្ម តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនប្រមាណ២០០នាក់។ គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីពិភាក្សា និងស្វែងរកធាតុចូល ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ សំដៅអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា ដែលជាដំណាំមានសក្តានុពលពាណិជ្ជកម្មខ្ពស់ បន្ទាប់ពីវិស័យស្រូវ/អង្ករ៕