(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីសហគ្រាស និងកម្មករនិយោជិតរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឬទីស្នាក់ការ ប.ស.ស នៅទូទាំង២៤ខេត្ត ឬសាខា ប.ស.ស ទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ ផ្នែករបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមការអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីពេលកន្លងទៅ ដែលបានស្នើឲ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ដែលកំពុងប្រើប្រាស់កម្មនិយោជិតម្នាក់ ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថានការងារ និងកម្មករនិយោជិតរបស់ខ្លួន មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម។

លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​ និង​ជា​អ្នក​នាំ​ពាក្យនៃ ប.ស.ស​ បានបញ្ជាក់បន្ថែមថា ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ដោយសារសម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ដែលបានចុះបញ្ជីនៅ ប.ស.ស ក្នុងនោះកម្មករនិយោជិតទទួលបាននូវរបបហានិភ័យការងារ របបថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករនិយោជិតនឹងទទួលបានរបបសោធននិវត្តន៍ (រឺត្រែត) ដូចទៅនឹងមន្ត្រីរាជការថែមទៀតផង។

អ្នកនាំពាក្យ ប.ស.ស បានបន្តថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ជូនកម្មករនិយោជិតជាស្ត្រី ក្នុងពេលលំហែមាតុភាពទទួលបានប្រាក់ ៥០ភាគរយ ពីនិយោជករបស់ខ្លួន និង៧០ភាគរយ ពី ប.ស.ស។ ប្រសិនបើពួកគាត់សម្រាលបានកូនម្នាក់ សម្ដេចតេជោផ្ដល់ជូនបន្ថែមនូវប្រាក់ ៤០០,០០០រៀល សម្រាលបានកូនភ្លោះ២នាក់ សម្ដេចតេជោផ្ដល់ជូនប្រាក់ ៨០០,០០០រៀល និងកូនភ្លោះ៣នាក់ សម្ដេចតេជោផ្ដល់ជូនប្រាក់ ១,២០០,០០០រៀល ហើយឧបត្ថម្ភដោយឡែកបន្ថែមទៀត។

លោក ប៊ុនរិទ្ធ បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារ ត្រូវតែមកចុះបញ្ជីជាមួយ ប.ស.ស ដូច្នេះសហគ្រាស ឬគ្រឹះស្ថានការងារទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទោះជាប្រើប្រាស់កម្មករនិយោជិតម្នាក់ក៏ដោយ ច្រើននាក់ក៏ដោយ ត្រូវតែមកចុះបញ្ជីសហគ្រាស និងកម្មករនិយោជិតរបស់ខ្លួននៅ ប.ស.ស ឬសាខារបស់ ប.ស.ស នៅតាមខេត្ត ឬនៅតាមខណ្ឌក្នុងរាជធានីភ្នំពេញជាកំហិត ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម ដូចជា មូលនិធិសមធម៌សុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋ (ពិនិត្យសុខភាព ឬព្យាបាលជំងឺដោយគិតថ្លៃ) ហើយនៅពេលលំហែមាតុភាពទទួលបានប្រាក់ ៥០ភាគរយ ពីនិយោជក និង៧០ភាគរយ ពី ប.ស.ស ដូចទៅនឹងកម្មករនិយោជិតក្នុងប្រព័ន្ធដែរ។

លោកបន្ថែមទៀតថា ដើម្បីមកចុះបញ្ជីនៅ ប.ស.ស ឬសាខារបស់ ប.ស.ស បាន និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារ អាចយកមកជាមួយនូវប័ណ្ណប៉ាតង់ ឬបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជនបរទេសក៏អាចយកមកជាមួយនូវលិខិតឆ្លងដែនក៏បានដែរ។

សូមជម្រាបថា ការចុះបញ្ជីធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ តទៅ ពោលក្រុមការងាររង់ចាំទទួលចុះបញ្ជីជូននិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារ រៀងរាល់ម៉ោងធ្វើការ។

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ក្នុងករណីខកខានមិនបានចុះបញ្ជីកម្មករនិយោជិត មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដែលនាំឲ្យបាត់សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត៕