(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងនៃប្រជាជន រវាងប្រទេសទាំងពីរ។

ការជំរុញឱ្យបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ បានធ្វើឡើងខណៈដែលសម្តេច បានអនុញ្ញាតឲ្យលោក ពីតូណូ ពូណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។

ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព ជាពិសេសនៅក្នុងការងារពាណិជ្ជកម្ម វិនិយោគនេះ គឺសម្តេចចង់ឃើញទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការកើនឡើង។

សម្តេចបានបន្តថា នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺមានប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាននេះ ដូច្នេះគួរតែជំរុញក្នុងការវិនិយោគ។ បច្ចុប្បន្ននេះ វិនិយោគិនឥណ្ឌូនេស៊ី ក៏បានមកវិនិយោគ នៅកម្ពុជាផងដែរ ដូចជាវិស័យសុខាភិបាលជាដើម។ សម្តេចតេជោ បានស្នើភាគីឥណ្ឌូនេស៊ី គួរមានការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ី ដើម្បីឲ្យមានកំណើនទេសចរ ទំនាក់ទំនងប្រជាជន និងប្រជាជនដោយសារកន្លងមក ការហោះហើរត្រង់ប្រទេសទាំងពីរ មិនទាន់មានដំណើរការនៅឡើយ។

នៅក្នុងជំនួបនេះដែរ លោក ពីតូណូ បានកោតសរសើចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ស្ថិរភាព និងសន្តិភាព ក្នុងប្រទេស ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ។ លោកថ្លែងបន្តថា ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើ ដល់សម្តេចតេជោ ពីភាពរីកចម្រើនផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ ដែលមានការរីកចម្រើន គួរឲ្យកត់សម្គាល់។

អគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានកោតសរសើដល់កម្ពុជា ដែលកន្លងមកបានគាំទ្រដល់ឥណ្ឌូនេស៊ី ដែលកន្លងមក កម្ពុជាតែងតែគាំទ្រដល់ឥណ្ឌូនេស៊ី ក្នុងការបង្កើតអង្គការរបស់ឥណ្ឌូនេស៊ី នៅកម្ពុជា។ លោកក៏បានលើកឡើងអំពីកំណើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលមានការកើនឡើង ជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះមានកំណើន ប្រមាណ៤៥០លានដុល្លារ ហើយសង្ឃឹមថា នឹងមានការកើនឡើងជាបន្តទៀត។

លោក ពីតូណូ ក៏បានរីករាយចំពោះវិស័យការពារជាតិ ដែលប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ ដែលកន្លងមកមាន ការបណ្តុះបណ្តាល ជាពិសេសលើការបណ្តុះបណ្តាល កងអង្គរក្សជាដើម។ នៅពេលខាងមុខនេះ នឹងមានកិច្ចសហប្របត្តិការ លើវិស័យនេះជាបន្តទៀត ហើយកន្លងមកនិស្សិតយោធាកម្ពុជា រួមទាំងបងប្អូនខ្មែរឥស្លាម ក៏បានទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕