(កណ្តាល)៖ អ្នកបើករថយន្តម្នាក់ សង្ស័យជាមន្រ្តីនគរបាល និងស្រវឹងទៀតនោះ បានបើករេពេញផ្លូវទៅបុករថយន្តរត់តាក់ស៊ីមួយគ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលជិត១០នាក់ វេលាម៉ោង០០៖២០នាទី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣០-៣១ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហើតុ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន ប្រចាំខេត្តកណ្តាលឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ត TOYOTA CAMRY ពណ៌សពាក់ផ្លាកលេខនគរបាល 2-1280 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបរមានទិសដៅពីអ្នកលឿង ទៅភ្នំពេញ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក TOYOTA CAMRY ពណ៌បៃតងចាស់ប្រភេទទេសចរណ៍ ពាក់ស្លាក់លេខ ភ្នំពេញ 2C-8884 ដែលបើកមានទិសដៅផ្ទុយគ្នាបណ្តាលឲ្យមនុស្សជិះក្នុងរថយន្តប្រភេទទេសចរណ៍រងរបួស (រថយន្តសង្រ្គោះដឹកទៅព្យបាល នៅមន្ទីរពេទ្យភ្នំពេញ មុនកម្លាំងសមត្ថកិច្ចទៅដល់។ ចំណែករថយន្តទាំងពីរខូចខាតយ៉ាងធ្ងន់ធ្ងរ។

មូលហេតុអ្នកបើកបររថយន្តកាមរី ពណ៌ស បើកបរធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បើករំលោភទៅលើចំណែកផ្លូវ នៃយានយន្តមកពីទិសដៅផ្ទុយ។ យ៉ាងណាក៏ដោយអ្នកបើករថយន្ត សង្ស័យជាមន្រ្តីនគរបាលនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងមិនដឹងថា បម្រើការងារនៅអង្គភាពណានោះទេ តែបើជាមន្រ្តីនគរបាលមែន គួរត្រូវបានដាក់ទោសឲ្យធ្ងន់ធ្ងរ។

បច្ចុប្បន្នរថយន្តបង្កទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកទៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕