(ព្រៃវែង)៖ នៅសាលាស្រុកកំពង់ត្របែក នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានពិធីប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែង អភិបាលស្រុកកំពង់ត្របែកថ្មី គឺលោក យ៉ាវ សានិន ចូលជំនួសលោក ចាន រ៉ាន់ អភិបាលស្រុកកំពង់ត្របែកចាស់ ដែលត្រូវបានតំឡើងជាអភិបាលរងខេត្តព្រៃវែង។

ពិធីប្រកាសតែងតាំងខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងមានចូលរួមពី លោកអភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់។

លោក ចាន រ៉ាន់ អភិបាលស្រុកចាស់ បានឡើងធ្វើរបាយការណ៍សង្ខេប អំពីស្ថានភាពទូទៅរបស់ស្រុក ដោយបានបញ្ជាក់ថា កិច្ចការងារសន្តិសុខ នៅទូទាំងខេត្តមានការល្អប្រសើរ ប្រជាពលរដ្ឋ មានជីភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជំនឿជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក យ៉ាវ សានិន អភិបាលស្រុកថ្មី ​បានប្តេជ្ញាចំនួន៦ចំណុចរួមមាន៖

ទី១៖ គោរព និងអនុវត្តន៍តាមគោលការណ៍ នៃការចាត់តាំងរបស់ថ្នាក់ដឹកនាំឲ្យបានជាដាច់ខាត
ទី២៖ គោរព និងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ផ្ទៃក្នុងក្នុងគណៈអភិបាលស្រុក ឲ្យបានរឹងមាំជារៀងរហូត, ទី៣៖ ខិតខំសម្របសម្រួលការដឹកនាំ ការិយាល័យ អង្គភាព រដ្ឋបាលឃុំ ជាពិសេស គឺក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីប្រសិទ្ធិភាព នៃការការពាសន្តិសុខ សណ្តាប់ធ្នាប់ និងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ទី៤៖ ខិតខំពុះពារបូជា កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ចូលរួមសហការបំពេញភារៈកិច្ច ដែលបានប្រគល់ជូន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
ទី៥៖ រួមចំណែកយ៉ាងសកម្មក្លៀវក្លាបំផុត ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ទី៦៖ ប្រកាន់ខ្ជាប់នៅគុណធម៌ របស់អ្នកដឹកនាំឲ្យបានជាប្រចាំ និងគោរពឲ្យបាននូវទស្សនៈទានមួយជាធំ គឺអ្វីៗយកសមូហភាពជាធំ។

លោក ជា សុមេធី អភិបាលខេត្ត បានមានមតិណែនាំ ដល់លោកអភិបាលស្រុកថ្មី អនុវត្ដឲ្យបានល្អតាមការប្តេជ្ញាចិត្ត និងខិតខំបំរើ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឲ្យបានល្អ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មកលើយើង។

អភិបាលខេត្ត បានថ្លែងបញ្ជាក់ថា «ត្រូវបន្តខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អ ក្នុងនោះត្រូវបង្រ្កាប នូវរាល់បទល្មើសនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់»

លោក ស្បោង​ សារ៉ាត បានថ្លែងនូវអំណរគុណ ដល់អាជ្ញាធរ និងសមត្ថកិច្ច បានខិតខំរួមគ្នាអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចំរើន លើគ្រប់វិស័យ និងថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម​ ស ខេង តែងតែជួយឧបត្ថមគាំទ្រ ដល់ខេត្តព្រៃវែង ធ្វើឲ្យខេត្តមានការរីកចំរើនលើគ្រប់វិស័យ។

លោក ស្បោង​ សារ៉ាត បានបន្ដទៀតថា កត្ដាសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់មិនអាចខ្វះបានទេ ដូចនេះត្រូវបន្តការពង្រឹងសាមគ្គីភាពគ្នាឲ្យបានល្អ ខិតខំពង្រឹងសមត្ថភាពសួរបទពិសោធន៍ ពីមន្រ្តីចាស់ៗ​និងបែងចែកតួនាទីភារៈកិច្ចគ្នាឲ្យបានច្បាស់លាស់៕