(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនូវការបំផុសចលនាគាំពារបរិស្ថានថា ប្រជាពលរដ្ឋកម្ពុជាមានជាង ១៥លាននាក់ បើពលរដ្ឋម្នាក់រើសថង់ប្លាស្ទិកបានតែ១ក្នុងមួយថ្ងៃ ហើយទុកដាក់ឲ្យបានត្រឹមត្រូវ នោះមួយថ្ងៃៗ ប្រទេសកម្ពុជានឹងអស់ថង់ប្លាស្ទិកជាង១៥លានថង់ ជាក់ជាមិនខាន។

លោក អ៊ាង សុផល្លែត ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី បេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ក្នុងកិច្ចគាំពារបរិស្ថាន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងបរិស្ថាន។

លោកបានលើកឡើងថា ថង់ប្លាស្ទិកមិនងាយនឹងរលាយក្នុងដីទេ ដល់ទៅ៥០-១០០ឆ្នាំឯណោះ ទើបវារលាយបាត់ ដូច្នេះវាបានបំពុលដី ធ្វើឲ្យដីខូចគុណភាពដី ប្រសិនបើវាហូរចូលទៅក្នុងសមុទ្រ វានឹងបំពុលទឹកសមុទ្រ (លោកថា ក្នុងមួយឆ្នាំៗថង់ប្លាស្ទិកហូរចូលក្នុងទឹកសមុទ្ររាប់លានតោន) នេះជាក្ដីកង្វល់ខ្លាំងបំផុត។

ម្យ៉ាងទៀត បើមនុស្សដុតថង់ប្លាស្ទិក វាមិនរលាយបាត់ទៅណាទេ គឺវានៅតែហោះហើររាយប៉ាយពេញខ្យល់ ក្នុងសណ្ឋានជាបំណែកតូចៗដែលមើលមិនឃើញ ហើយវានឹងចូលក្នុងខ្លួនមនុស្ស តាមរយៈខ្យល់ដកដង្ហើម ពេលនោះវានឹងទៅបំផ្លាញប្រព័ន្ធដង្ហើមរបស់មនុស្សថែមទៀតផង។

លោកថ្លែងយ៉ាងដូច្នេះថា «ប្រជាជនខ្មែរយើងជាង១៥លាននាក់ បើយើងម្នាក់រើសថង់កៅស៊ូតែ១ទេ ក្នុងមួយថ្ងៃយើងបាន ១៥លានថង់កៅស៊ូ យកមកទុកមួយឡែក»។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដដែលរូបនោះបានបញ្ជាក់ថា ទោះយ៉ាងណា ក្រសួងបរិស្ថាន បានចេញនូវអនុក្រឹត្យរួចហើយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការបោះចោលថង់ប្លាស្ទិក នៅតាមទីសាធារណៈ និងវិធានការ ចំណាត់ការជាច្រើនទៀត។

លោកបានបន្តថា ក្នុងបេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ក្នុងកិច្ចគាំពារបរិស្ថាន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃស្អែកនេះ នឹងផ្សព្វផ្សាយដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋ ​និងសិស្សានុសិស្សចន្លោះពី ៥,០០០-១០,០០០នាក់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនឹងជ្រាបទៅដល់ប្រជាពលរដ្ឋរាប់លាននាក់ទៀត។

សូមជម្រាបថា រាល់ពេលពិធីបុណ្យទានតូចធំម្ដងៗ គេសង្កេតឃើញថា សំរាម កាកសំណល់ ពិសេសថង់ប្លាស្ទិកតែងតែនៅរាយប៉ាយទាំងក្នុងបរិវេណពិធីបុណ្យ និងបិរវេណជុំវិញ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរក៏តែងតែបានចាត់វិធានការបោះសម្អាត និងដើររើសទុកដាក់ជាហូរហែមកដែរ ដូចជាបំផុសចលនាប្រឡងប្រណាំងទីក្រុងស្អាត ចលនាភ្នំពេញស្អាត ឬប្រមូលកងកម្លាំងសមត្ថកិច្ច ក្រុមយុវជនដើររើសសំរាមជាដើម៕