(ភ្នំពេញ)៖ ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ ដ៏ស្រស់សោភាម្នាក់ រួមជាមួយបេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពីប្រទេសចំនួន ៦៥ប្រទេស នឹងធ្វើទស្សនកិច្ចលើកដំបូងនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីបើកបេសកកម្មបំផុសចលនាគាំពារបរិស្ថានជាមួយប្រជាពលរដ្ឋកម្ពុជា មុនចាប់ផ្ដើមប្រកួតជ្រើសរើសជ័យលាភីបរកញ្ញាពិភពលោក ឆ្នាំ២០១៧ (Miss Globle 2017)។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី បេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ក្នុងកិច្ចគាំពារបរិស្ថាន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត បានឲ្យដឹងថា ការទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូបវរកញ្ញាពិភពលោក ដោយក្រសួងបរិស្ថាននេះ គឺដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា លើវិស័យគាំពារបរិស្ថាន ហើយក៏ដើម្បីឆ្លុះបញ្ចាំងលើការសហការគ្នា ជាមួយបណ្ដាប្រទេសដទៃទៀត តួយ៉ាងដូចក្រុមបវរកញ្ញាដែលមកពី និងតំណាងឲ្យប្រទេសចំនួន៦៥នេះ រួមគ្នាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរួមគ្នាចំពោះបញ្ហាបរិស្ថាន ពីព្រោះបញ្ហាបរិស្ថាននេះ ជាបញ្ហារួមគ្នារបស់ប្រទេសនានាក្នុងពិភពលោក។

ក្ដីសង្ឃឹមរបស់លោក សុផល្លែត គឺចង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទូទាំងពិភពលោក ទទួលខុសត្រូវចំពោះអ្វីដែលពួកគាត់បានធ្វើពាក់ព័ន្ធនឹងបរិស្ថាន ពីព្រោះបរិស្ថាននេះ គឺជាអាយុជីវិតរបស់ពិភពលោកតែម្ដង បើពិភពលោកមិនដោះស្រាយ មិនយកចិត្តទុកដាក់ទេ អនាគតទៅ មនុស្សជំនាន់ក្រោយនឹងជួបបញ្ហាជាក់មិនខាន។

លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ទាំង៦៥ប្រទេស និងជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ នឹងទៅជួបជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សនៅស្រុកអូររាំងឪ ដើម្បីបំផុសចលនាគាំពារបរិស្ថាន បំផុសគំនិតឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ចែករំលែកបទពិសោធន៍ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនោះ ប្រភិភូបវរកញ្ញាពិភពលោក នឹងចូលរួមដាំដើមឈើទុកជានិម្មិតរូបសម្រាប់ពួកគេ ដែលបានមកប្រទេសកម្ពុជា និងបានបន្សល់ស្នាដៃនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ក្រុមប្រតិភូបវរកញ្ញាពិភពលោក ក៏នឹងចូលទស្សនាក្នុងផ្សារអូររាំងឪផងដែរ ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្ដង។

អ្វីតែគួរឲ្យចាប់អារម្មណ៍នោះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា បានជាក្រសួងបរិស្ថានជ្រើសរើសស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងការដឹកនាំប្រតិភូបវរកញ្ញាពិភពលោកទៅធ្វើទស្សនកិច្ចនោះ ដោយសារនៅស្រុកមួយនេះ ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ធម្មជាតិ និងទេសភាព ​ពោលបរិស្ថានទាំងមូល មានភាពប្រហាក់ប្រហែលទៅនឹងស្រុកដទៃទៀត ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា បេសកកម្មចុះទៅបំផុសចលនាគាំពារបរិស្ថាន​ របស់ប្រតិភូបវរកញ្ញាពិភពលោក ដែលសុទ្ធតែមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់នោះ ធ្វើឡើងរយៈពេលកន្លះថ្ងៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ៕