(បាត់ដំបង)៖ ប្រពន្ធដែលគេដឹងថាមានសតិមិនគ្រប់ម្នាក់ បានកាប់ប្តីខ្លួនឯងស្លាប់ ក្នុងថ្លុកឈាម រួចរត់ទៅប្រាប់អ្នកភូមិឲ្យជួយថែមទៀត។ ហេតុការណ៍ប្រពន្ធមានសតិមិនគ្រប់កាប់ប្តីស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០១៧​​ ស្ថិតក្នុងចំណុចក្រុមទី៨ ភូមិអន្លង់ពួក ឃុំតាសាញ​ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានវានឲ្យដឹងថា ជនសង្ស័យជាប្រពន្ធឈ្មោះ អោ ឆវន្ដ័ អាយុ ៤៨ឆ្នាំ មុខរបរធ្វើស្រែចំការ រស់នៅចំណុចកើតហេតុខាងលើ។ រីឯប្ដី​ជាជនរងគ្រោះ ឈ្មោះ ធុន​ សុធា​ អាយុ៤៩ឆ្នាំមុខរបរធ្វើស្រែចំការ។

សមត្ថកិច្ចបញ្ជាក់ដែរថា ជនរងគ្រោះត្រូវភរិយាកាប់ដាច់ក កាប់ក្បាល និងមុខជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុជនសង្ស័យដែលជាជនមានសតិមិនគ្រប់ បានរត់ទៅប្រាប់អ្នកភូមិឲ្យជួយយកប្ដីគាត់ធ្វើបុណ្យផងគាត់បានកាប់ប្ដីគាត់ស្លាប់ហើយ បន្ទាប់ពីបានលឺជនសង្ស័យប្រាប់អ្នកភូមិបាននាំគ្នាទៅមើល ក៏បានឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម។

បច្ចុប្បន្ន ជនសង្ស័យ និង​​វត្ថុតាង ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលតាសាញចាប់ឃាត់ខ្លួន យកទៅអធិការនគរបាលស្រុកសំឡូត៕