(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរពេទ្យគន្ធបុប្ផាបានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនបានក្លាយទៅជាមន្ទីរពេទ្យគំរូមួយ ហើយកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងអរគុណ ដល់សកម្មភាពដ៏ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុប្ផាថា បានចូលរួមដល់ការកាត់បន្ថយ «អត្រាស្លាប់របស់មាតា និងកុមារ» នៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណដល់ការគាំទ្ររបស់សប្បុរសជនទាំងអស់ ដែលញ៉ាំងឲ្យបុគ្គលិកកម្ពុជាប្រមាណ ២៥០០នាក់ សម្រេចបានស្នាដៃធំធេងនេះ៕