(កំពង់ធំ)៖ មេឈ្មួញដឹកជញ្ជូនឈើដឹកដីស្រុកសណ្តាន់ដុះស្លែ ហៅយាយយ៉ុន ល្បីដឹកឈើចេញគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះ ពេលនេះកម្លាំងឧទ្យានុរក្សស្ទាក់ចាប់បានរថយន្ត ដែលបង្កប់ឈើប្រណិតក្រោមឈើក្តាចំនួន ៥គូប ត្រង់ចំណុចអូរក្រញូង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ដោយឡែក កម្លាំងឧទ្យានុរក្សក៏បានស្ទាក់ឃាត់រថយន្តបុកស័រមួយគ្រឿង និងរថយន្តកូរ៉េ២តោនកន្លះមួយគ្រឿងទៀតដែរ ដែលដឹកឈើទ្វារបង្អួចអត់ច្បាប់ ត្រង់ចំណុចស្ទឹងពង្រោង ភូមិសាស្ត្រស្រុកសណ្តាន់ដូចគ្នា។

ការចុះបង្ក្រាបករណីទាំង២នេះ ធ្វើឡើងបន្តបន្ទាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៃឱកាសពិធីបុណ្យអុំទូក ដោយកម្លាំងឧទ្យានុរក្ស សហការជាមួយភា្នក់ងារផ្តល់ព័ត៌មាន ទើបឈានដល់ការបង្ក្រាប និងបញ្ជូនទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្ត ដើម្បីដោះស្រាយនីតិវិធីច្បាប់បន្ត។

លោក ស៊ាន គឹមស៊ន ប្រធានក្រុមចល័ត បានបញ្ជាក់ប្រាប់ថា ម្ចាស់រថយន្តដឹកឈើពុះបង្កប់ឈើក្តារក្រោមនោះ ពិតជាឈ្មោះ យាយយ៉ុន បានចុះពីលើរថយន្តដឹកឈើរត់គេចខ្លួន ពេលឃើញកម្លាំងឧទ្យានុរក្សស្ទាក់បង្ក្រាប។

ប្រភពពីទីភ្នាក់ងារ និងប្រជាពលរដ្ឋនៅតំបន់នោះ បានបញ្ជាក់ទៀតថា ឈ្មួញដឹកឈើ ឈ្មោះយាយយ៉ុននេះ រកស៊ីដុះស្លែយូរណាស់មកហើយ ដឹកឈើចេញពីក្នុងភូមិសាស្ត្រគ្រប់គ្រងដោយនាយផ្នែកទំរីង គឺលោក សៅ វ៉ាន្នី ដែលមិនដែលឃើញជំនាញសមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាបបទល្មើសកើតឡើង លើទឹកដីគ្រប់គ្រងរបស់ខ្លួននោះឡើយ។

ដោយសារតែបទល្មើសដឹកជញ្ជូនឈើចេញហូរហែ ពីតំបន់គ្រប់គ្រងរបស់នាយផ្នែកទំរីងអសកម្មនោះហើយ ទើបមហាជនសង្ស័យថា ជំនាញសមត្ថកិច្ចមេព្រៃនៅតំបន់ទំរីងស្រុកសណ្តាន់ ទំនងជាឃុបឃិតត្រូវរ៉ូវគ្នាជាមួយឈ្មួញរកស៊ីឈើអស់ហើយ បានជាបិទភ្នែកដេកលក់ស្កប់ស្កល់។

ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំពាក់ពន្ធជួយចាក់ចង្កេះដាសតឿន ដល់មន្ត្រីជំនាញនៅតំបន់ទំរីងភ្ញាក់ខ្លួនយកចិត្តទុកដាក់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រួមចំណែកការពារផលប្រយោជន៍សង្គមផង៕