(មណ្ឌលគិរី)៖ ដោយសារសុរាចូលខ្លួនស្រវឹងជោក​ មន្រ្តីពេទ្យយោធាម្នាក់បម្រើការនៅអង្គភាពកងទ័ពជើងគោក បានដកកាំភ្លើងបាញ់បោះយ៉ាងសេរីក្នុងបរិវេណសណ្ឋាគារ «មនោរម្យ» ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវដែលសម្រាកនៅទីនោះ តែមិនបង្កឲ្យមានអ្នកស្លាប់ និងរបួសនោះឡើយ។

លោក អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ នេះថា កើតហេតុការនេះ បានកើតឡើងនៅម៉ោងប្រមាណ៩យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្តើមចេញពីការស្រវឹង ហើយខណៈនេះកម្លាំងនគរបាលជំនាញកំពុងចាត់ការតាមនីតិវិធី។

បុគ្គលដែលបាញ់បោះនោះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា មានឈ្មោះ ជ័យ ច័ន្ទសុផល អាយុ៣៩ឆ្នាំ ជាមន្ត្រីពេទ្យយោធាជើងគោក មានទីលំនៅផ្ទះលេខ១២៤G1 ផ្លូវ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនបានហើយ សមត្ថកិច្ចមិនមានការចាប់ឃុំឃាំងនោះទេ បានត្រឹមតែឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើដូចខាងលើតទៅទៀត៕