(ព្រះសីហនុ)៖​ នៅព្រឹកថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅស្នាក់ការគណបក្សប្រជាជន​ឃុំជើងគោ​ លោក​ ឯម​ សុខពៅ​ អនុប្រធានគណៈកម្មាធិការកណ្តាលចុះជួយឃុំជើងគោ​ និងជាប្រធានក្រុមការងារចុះជួយភូមិ្រពាំងមូល​ តំណាងលោក​ ចៅ​ យុត្តិបុត្រ ព្រមទាំងលោកស្រី ​បានអញ្ជើញជាអធិបតី​ក្នុងពិធីជួបសំណេះ​សំណាលជាមួយសមាជិក-សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​ និងចែកអំណោយដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យសមាជិកសមាជិកា រួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ពិធីនេះប្រារព្ធឡើងនៅភូមិត្រពាំងមូល​ ឃុំជើងគោ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ និងមានការចូលរួមពីក្រុមការងារបក្សឃុំ និងសមាជិក-សមាជិកាចំនួន ៤៧០នាក់។

ក្រោយពីការអានរបាយការណ៍របស់ប្រធានគណបក្សឃុំរួចមក លោក​ ឯម​ សុខ​ពៅ​ បានមានមតិសំណេះ​សំណាលជាមួយ​សមាជិក-សមាជិកាបក្ស​ភូមិត្រពាំងមូល​ និងបានពាំនាំនូវការសាកសួរសុខទុក្ខ​ និងប្រសាសន៍របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ចំពោះបងប្អូនទាំង៤៧០​នាក់ ដែលមានវត្តមានផងដែរ។

លោកបានបន្តថា​ បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​ ដែលកើត​ចេញពីគណបក្សប្រជាជនកម្ពុជា​ និងកើតចេញពី​ការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋទូទាំង​ប្រទេស​ ប្រទេសកម្ពុជា​កំពុងស្ថិតក្នុងសុខសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍគ្រប់វិស័យ។ ប្រទេសកម្ពុជា ​ត្រូវបានរំដោះ​តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ​ កម្ពុជាមិនត្រូវការការរំដោះអ្វីទៀតនោះទេ​។

លោក ឯម​ សុខ​ពៅ​ និងក្រុមការងារបានចែកអំណោយទូរស័ព្ទចំនួន ៥គ្រឿង ដល់ក្រុមការ​ងារបក្សឃុំ​ ផ្តល់ថវិការដល់ក្រុមការងារភូមិចំនួន៤​ ក្នុងមួយភូមិថវិកា ៤០ម៉ឺនរៀល​ និងជូនដល់សមាជិក​-សមាជិកាទាំងអស់ ដែលចូលរួម​ក្នុងម្នាក់ៗទទួលបានមីមួយកេះ សារុងមួយ​ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕