(អូស្ត្រាលី)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចាត់ទុកគំនិតផ្តួចផ្តើមបង្កើតឡើងនូវផ្លូវមួយ និងខ្សែក្រវាត់មួយរបស់ប្រ ធានាធិបតីចិន លោក ហ្ស៊ី ជីនពីង គឺជាយុទ្ធសាស្រ្តន៍ដ៏សំខាន់សម្រាប់ពង្រីកពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។

ក្នុងរដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអល្លឺម៉ង-អូស្ត្រាលី សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីនាថ្ងៃទី០៤ ខែវិច្ឆិកា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ាលខម ធើនប៊ូល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក ហ្វ្រែងវ៉ាល់ធើ ស្ដាញម៉ាយយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ ដែលមានអ្នកចូលរួមជាមន្ត្រីជាន់ខ្ពស់នៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ធុរជនសំខាន់ៗមកពីអូស្ត្រាលី និងអាល្លឺម៉ង់ និងក្រុមហ៊ុនជាច្រើនទៀតសរុបប្រមាណ ១,០០០នាក់។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងកម្មវិធីពិភាក្សាស្ដីពីប្រទេសចិន ដោយបានលើកឡើងពីសារៈសំខាន់នៃកិច្ចផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ ឬខ្សែក្រវាត់មួយផ្លូវមួយ (Road and Belt Initiative or One Belt One Road) ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី ហ្សី ជីនពីង (Xi Jinping) នៃសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ២០១៣ ដែលមានគោលបំណងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ី ជាមួយអឺរ៉ុប និងអាហ្វ្រិកតាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេស ពាក់ព័ន្ធតែប៉ុណ្ណោះទេ តែនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជនផងដែរ»

លោករដ្ឋមន្រ្តី ក៏បានបង្ហាញពីកិច្ចវិនិយោគ និងពាណិជ្ជកម្មមួយចំនួនដែលកម្ពុជាទទួលបានតាមរយៈគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ ដូចខាងក្រោម៖

១) ការវិនិយោគរួមរវាងក្រុមហ៊ុន China Huanneng Group របស់ចិនជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជាដើម្បីសាងសង់រោងចក្រវារីអគ្គីសនីទំហំ ៤០០MW នៅទន្លេសេសានក្រោម ដែលនឹងក្លាយជារោងចក្រវារីអគ្គីសនីធំជាងគេនៅកម្ពុជា ដោយមានទុនវិនិយោគប្រមាណ ៩០០លានដុល្លារអាមេរិក។
២) ការវិនិយោគប្រមាណ ១,៤ ប៊ីល្លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីទំហំ ២៤៦ MW នៅស្ទឹងតាតៃ ដែលនឹងមានសមត្ថភាពចែកចាយអគ្គិសនីចំនួន ៣០ ភាគរយនៃអគ្គិសនីត្រូវការសរុប។
៣) វិនិយោគលើគម្រោងផ្លូវចំនួន ១៦ ក្រោមតម្លៃសរុប ១,៦ ប៊ីល្លានដុល្លារអាមេរិក។
៤) វិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនៅទីក្រុងសៀមរាប ដែលមានតម្លៃ ៨៨០ លានដុល្លារអាមេរិក។
៥) ទទួលទិញអង្ករប្រមាណ ៣០០,០០០ តោនក្នុងឆ្នាំ២០១៨

ក្រៅពីចូលរួមកិច្ចពិភាក្សានេះដែរ លោកមន្ត្រីពាណិជ្ជកម្មកម្ពុជា ក៏បានជួបពិភាក្សាខ្លីជាមួយលោក ម៉ារី អាល់កាទីរី (Mari Alkatiri) នាយករដ្ឋមន្ត្រីទីម័រឡេស្ដេ ដើម្បីលក់អង្ករកម្ពុជាទៅកាន់ប្រទេសទីម័រ ក៏ដូចជាបានជួបជាមួយតំណាងសមាគមធុរកិច្ចអាល្លឺម៉ង់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំទីក្រុងសៀងហៃ និងប៉េកាំង ដោយលោក បានលើកទឹកចិត្តឲ្យមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់ នៅក្នុងវិស័យមួយចំនួនដូចជារ៉ែ ឧស្សាហកម្មកម្មន្ដសាលធុនស្រាល យានយន្តនិងគ្រឿងផ្សំ កែឆ្នៃផលិតផលកសិកម្ម ជីវឥន្ធនៈ។ល។