(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណ៦ល្ងាចថ្ងៃទី០៤ ខែវិចិ្ឆកានេះ ពោលប្រមាណ៣០-៤០នាទីទៀត ភ្ញៀងនឹងអាចធ្លាក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដោយឥទ្ធិពលខ្យល់ព្យុះដំរី បោកបក់មកដល់ប្រទេសកម្ពុជា។

លោក ចាន់ យុត្ថា ក៏អំពាវនាវដល់កីឡាករអុំទូក គួរមានការប្រុងប្រយ័ត្នដោយអាចឡើងគោកជាការល្អ ព្រោះអាចមានខ្យល់ខ្លាំង។ បញ្ហាអាកាសធាតុនេះ វានឹងមិនប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនោះឡើយ ប៉ុន្តែវានឹងអាចធ្វើឱ្យប៉ះពាល់ដល់កម្មវិធីផ្សេងៗដូចជាការប្រគុំតន្រ្តី នៅពេលយប់។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលទទួលរងឥទ្ធពលព្យុះដំរីនេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពត កែប ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកំពង់ធំ។