(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃចុងក្រោយ នៃថ្ងៃព្រះរាជពិធីបុណ្យអុំទូក ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត នឹងយាងនិងអញ្ជើញ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃចុងក្រោយ។

បើតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ នឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច នារាត្រីយប់នេះផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកនេះ សម្តេចបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅថ្ងៃចុងក្រោយនេះ ឲ្យបានច្រើនកុះករទាំងអស់គ្នា។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវ សូមអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីបងប្អូនជនរួមជាតិ និងទេសចរអន្តរជាតិ បានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា៕