(ភ្នំពេញ)៖ ពាក់ព័​ន្ធបញ្ហាអាវុធគីមីដ៏គ្រោះថ្នាក់របស់អាមេរិក ដែលទម្លាក់មកលើទឹកដីខ្មែរ កំពុងបង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅខេត្តស្វាយរៀង រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការជូនកាន់អង្គការសហប្រជាជាតិ (UN) ស្របតាមដំណើរការនីតិវិធីនៃអនុសញ្ញាអន្តរជាតិ ស្តីពីអាវុធគីមីរួចរាល់ហើយ ដូច្នេះអាមរិកដែលជាប្រទេស ប្រើប្រាស់អាវុធគីមីមកលើកម្ពុជា ត្រូវមានកាត្វកិច្ចផ្តល់ព័ត៌មានលម្អិត នៃការប្រើប្រាស់អាវុធគីមីនោះទៅ​ អង្គការសហប្រជាជាតិផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់។

លោក ហេង រតនា បានលើកឡើងថា កាលពីថ្ងៃទី០១ ខែ​វិចិ្ឆកា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានចេញសេចក្តីថ្លែងការណ៍ ជំរាបជូនសារណជន អំពីខ្លឹមសារនៃសេចក្តីប្រកាស ជូនអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិនោះ។​ នេះជាការដំណើរការ ស្របតាមនីតិវិធីនៃអនុសញ្ញាអន្តរជាតិ ស្តីពីអាវុធគីមី​ដែលមានរដ្ឋភាគីចំនួន១៦៥ប្រទេស​ និងមានប្រទេសចូលរួមសរុបជិត២០០ប្រទេស។ ក្នុងនោះកម្ពុជា និងសហរដ្ឋអាមេរិក​ សុទ្ធតែជារដ្ឋភាគីនៃអនុសញ្ញានេះ​។

អគ្គនាយករូបនេះសង្កត់ធ្ងន់ថា «ផ្អែកតាមមាត្រាទី៣ នៃអនុសញ្ញា​ប្រទេសរងគ្រោះអាវុធគីមី មានកាត្វពកិច្ចប្រកាស ពីការរកឃើញអាវុធគីមី នៅលើបូរណភាពទឹកដីរបស់ខ្លួន ហើយប្រទេសដែលបានប្រើអាវុធគីមី ទៅលើប្រទេសដទៃ ក៏ត្រូវប្រកាសអំពីអាវុធគីមីទាំងនោះដែរ​។ ដូចនេះសហរដ្ឋអាមេរិក មានកាត្វកិច្ចតាមអនុសញ្ញា ត្រូវផ្តល់ព័ត៌មានលំអិត នៃការប្រើប្រាស់អាវុធគីមីលើកម្ពុជា ទៅអង្គការសហប្រជាជាតិ​ផងដែរ។ ដោយមិនគិតផ្ទុះ​ ឬមិនផ្ទុះអ្វីទេ​ ត្រូវប្រកាសទាំងអស់​ ដើម្បីឲ្យដឹងថា​ ប្រើនៅកន្លែងណាខ្លះ​ ហើយអាវុធគីមីប្រភេទអ្វីខ្លះជាដើម។ល។​ ដើម្បីរាជរដ្ឋាភិបាល មានព័ត៌មាន និងសហការគ្នាទប់ស្កាត់ផលប៉ះពាល់ និងមានវិធានការដោះស្រាយវិបត្តិ្តនេះ»។

លោក ហេង រតនា បានបន្ថែមទៀតថា ក្រៅពីអាមរិកដែលមានកាតព្វកិច្ច បង្ហាញការពិតនៃការប្រើប្រាស់ គ្រាប់បែកគីមីលើទឹកដីខ្មែរហើយ ខាងអង្គការសហប្រជាជាតិដូចគ្នា​ដែរ​ តាមនីតិវិធី​ក្រោយទទួលបានរបាយការណ៍ និងសំណូមពររបស់រដ្ឋភាគី​រួចហើយ។​ ចាំបាច់ត្រូវបញ្ជូនក្រុមអ្នកជំនាញ ដើម្បីត្រួតពិនិត្យ និងវាយតំលៃស្ថានភាពជាក់ស្តែង។

លោកអគ្គនាយក ហេង រតនា បានបញ្ជាក់ទៀតថា «យើងមានការព្រួយបារម្ភបំផុត ចំពោះសារជាតិគីមី​ដ៍កាចសាហាវ​ ដែលមានក្នុងគ្រាប់បែកគីមី​ ដែលបន្តប៉ះពាល់ និងគំរាមកំហែងដល់សេចក្តីសុខ របស់ប្រជាពលរដ្ឋយើង»

នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News កាលយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ ជាសារធាតុគីមីប្រភេទ​ Nitrogen Mustard ដែលហៅថា​ Blister agents មិនមែនដូចអ្វីដែលស្ថានទូតអាមេរិក លើកឡើងថា ជាឧស្ម័នបង្ហូរទឹកភ្នែកឡើយ។

នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៉ីនវិភាគ ដែលកុម្មុងទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្ស​ដូចជា​ ប៉ោងស្បែក រលាកស្បែក​ និងថប់ដង្ហើម​ជាដើម។

លោកបន្តថា សារធាតុគីមី Nitrogen Mustard ដែលហៅថា​ Blister agents គឺស្ថិតនៅក្នុងតារាងទី១​ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ៕