(ពោធិ៍សាត់)៖ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ២នាក់ប្ដី-ប្រពន្ធ កំពុងតែជិះម៉ូតូ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង បើកបរក្នុងល្បឿនលឿន និងធ្វេសប្រហែស បត់ចូលទៅហូបបាយ បុកពីមុខពេញមួយទំហឹង បណ្ដាយឲ្យបុរសជាប្ដីស្លាប់ភ្លាមៗនៅនឹងកន្លែង និងប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាវេលាម៉ោង១១៖៤០នាទីព្រឹក នៅថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះ បង្កឡើងដោយសារតែ រថយន្តក្រុងដឹកអ្នកដំណើរ ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3B-6982 ធ្វើចរាចរណ៍ ពីកើតទៅលិច ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្ក​បត់ឆ្វេងដៃចូលហូបបាយ ស្រាប់តែជ្រុលទៅបុកអ្នកបើក​បរម៉ូតូ អាសង់ C125 ពណ៌ខ្មៅ សេរី២០១២ ពាក់ផ្លាកលេខ បាត់ដំបង1N-3017 បើកបរដោយឈ្មោះ សឿ សាម៉ន អាយុ៥៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរត្រូវជាប្តី (ស្លាប់) នៅនឹងកន្លែងកើតហេតុ។

មន្ដ្រីនគរបាល បានបន្ដថា រួមដំណើរឈ្មោះ អ៊ុ ហៀប អាយុ៥៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ មានទីលំនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ រឺឯ វត្ថុតាង រថយន្ត និងម៉ូតូ ប្រគល់ជូនការិយាល័យចរាចរណ៍ ខេត្តពោធិ៍សាត់ យកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕