(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិចំនួន ៦រូប បានសម្រេចចិត្តដើរចេញពីគណបក្សរបស់ខ្លួន ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។ មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិតអស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ សមាជិកក្រុមប្រឹក្សាស្រុក និងឃុំទាំង​៦រូបនេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។

ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៦នាក់ បានបញ្ជាក់មូលហេតុដូចៗគ្នាពីការចាកចេញរបស់ពួកគេ។ ក្នុងលិខិតនេះពួកគេបានអះអាងថា បានមើលឃើញលោក កឹម សុខា មេគណបក្សសង្រ្គោះជាតិ មានការក្បត់ជាតិ ក្នុងការមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈស្មារតីជាតិច្បាស់លាស់មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បែកបាក់ជាតិ។

ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៦នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនោះ រួមមាន៖

ទី១៖ លោកស្រី យ៉ាន សោភា អាយុ៤០ឆ្នាំ មានតួនាទីជាហិរញ្ញឹកគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាស្រុកកងមាស
ទី២៖ លោក សុខ​ ចំរើន អាយុ៥៦ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រតិបត្តិស្រុកព្រៃឈរ និងជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៖៣ លោក អ៊ឹម ជន ជាសមាជិកក្រុមប្រឹក្សាឃុំមៀន ស្រុកព្រៃឈរ

ទី៤៖ លោក ឯម ម៉េងស៊ឹម អាយុ៤៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ទី៥៖ លោក វ៉ាយ ណារិន អាយុ៤០ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា​ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប
ទី៦៖ លោក នង ស្រេង សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង​។

ការសម្រេចចិត្តដើរចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិកគណបក្សសង្រ្គោះជាតិនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សកាន់អំណាចបានប្រកាសស្វាគមន៍សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់។ ជាពិសេសជាពិសេសរក្សាតំណែងជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ជំទប់ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យនៅដដែលថែមទៀតផង។

មកដល់ពេលនេះមានសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបជិត៤០រូប បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕