(ព្រះវិហារ)៖ រថយន្តដឹកឈើគ្រញូង១គ្រឿង ក្នុងចំណោមរថយន្តដឹកឈើគ្រញូងជាច្រើនគ្រឿងទៀត ត្រូវបានកម្លាំងបរិស្ថានធ្វើការស្ទាក់ចាប់បាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចចំការចន្ទី ភូមិអូពោធិ៍ ឃុំជីអោក ស្រុករវៀង ខេត្តព្រះវិហារ ប៉ុន្តែមុនឈានដល់ការបង្ក្រាបបាននេះ កម្លាំងបរិស្ថានត្រូវបានក្រុមឈ្មួញឈើ ដែលបើករថយន្តសេរីទំនើបៗ បាញ់ចំនួន២គ្រាប់ទៀតផង ជាការគំរាម។

លោក ហាក់ ទូច​ ប្រធានស្នាក់ការបរិស្ថានអូពោធិ៍បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបរថយន្តដឹកឈើនេះបាន លោកដឹកនាំកម្លាំងចុះល្បាតតាមផ្លូវជាតិលេខ៦២ លុះម៉ោងប្រមាណជា១២យប់ បានប្រទះឃើញក្រុមរថយន្ដដឹកឈើគ្រញូងជាង១០គ្រឿង ពេលនោះលោកបានដាក់កម្លាំងស្ទាក់ចាប់ ត្រូវក្រុមរថយន្ដដឹកឈើគ្រញូងរារាំងមិនឲក្រុមការងាររបស់លោកប្រជែងបានឡើយ ។

ពេលនោះលោកបានបញ្ជាឲ្យក្រុមការនៅស្នាក់ការអូពោធិ៍ ដាក់ប៉ារ៉ាស់តែក្រុមរថយន្ដដឹកឈើគ្រញូងទាំងនោះ បានបុកប៉ារ៉ាស់ ហើយបានបើករត់គេចបាត់អស់ មិនតែប៉ុណ្ណោះបានបាញ់គំរាម២គ្រាប់ ទៀតផង ដោយរថយន្ដពួកនោះសុទ្ធតែរថយន្ដទំនើបៗ ហើយរថយន្ដដែលបាញ់គំរាមម៉ាក Vigo ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម។

លោកបានបន្តទៀ​តថា លុះវេលាម៉ោង៣៖០០នាទីយប់ កម្លាំងរបស់លោកបានរាយការណ៍ថា មានក្រុមរថយន្ដដឹកឈើគ្រញូងចេញមកទៀត លោកក៏បានឲ្យក្រុមការងាររៀបចំដាក់ប៉ារ៉ាស់ឲ្យបានហ្មត់ចត់ ពេលរថយន្ដគ្រញូងម៉ាកលុចស៊ីសខាងលើមកដល់ លោកបានឲ្យក្រុមការងារដាក់ប៉ារ៉ាស់ម្ដងទៀត ហើយរថយន្ដក្រុមការងារលោក បានដេញពីក្រោយតែមានរថយន្ដ២ទៅ៣គ្រឿង បានរារាំង។ ពេលនោះរថយន្ដ Lexus ខាងលើ បានបើកបុកប៉ារ៉ាស់ តែដោយសារការរៀបចំបានយ៉ាងល្អ នៅខាងស្នាក់ការអូពោធិ៍បានបណ្ដាលឲ្យរថយន្ដមួយនោះបែកកង់ខាងឆ្វេងទាំង២ បើករត់គេចចូលព្រៃ តែភ្លាមនោះ លោកបានដាក់កម្លាំងរុករកក្នុងព្រៃ។

ក្រោយមកឃើញមានបុរសម្នាក់ បើករថយន្តមកដល់ ហើយបានតាំងខ្លួនជាអធិការកិច្ចមេព្រៃ ដោយស្លៀកឯកសណ្ឋាន និងបាននិយាយថា រថយន្ដនោះ ពួកគេជាអ្នកដេញមកពីក្រោយ ត្រូវយកទៅរក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើ។ ប៉ុន្តែលោក ហាក់ ទូច មិនព្រមប្រគល់ឲ្យ និងបានយកមករក្សាទុកនៅដែនជំរកសត្វព្រៃបឹងពែរឺឯឈើគ្រញូង ក្នុងរថយន្ដមាន១២២ដុំ ស្មើនិង៨២២គឺឡូក្រាម។

បើតាមមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្ដដឹកឈើគ្រញូងសព្វថ្ងៃ គឺដឹកចេញពីស្រុកជាំក្សាន្ដ និងស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦២មួយក្រុម ចេញទៅខេត្តស្ទឹងត្រែង និងមួយក្រុមទៀត ចេញមកខេត្តកំពង់ធំ តែសមត្ថកិច្ចតាមដងផ្លូវហាក់បីដូចជា ត្រូវថ្នាំសណ្ដំពេលដែលក្រុមរថយន្ដឈើគ្រញូងទាំងនោះ៕