(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានចុះពិនិត្យទីតាំងគ្រោងសាងសង់អាហារដ្ឋាន (កង់ទីន) និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ជុំវិញការស្ថាបនាក្លោងទ្វារ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ដែលមានជុំវិញអគាររដ្ឋបាលសាលាខេត្តថ្មី ក្នុងគោលបំណងពន្លឿនការស្ថាបនា ដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងឱកាសចុះពិនិត្យដល់ទីកន្លែងលោក ម៉ៅ ធនិន បានឲ្យដឹងថា ទន្ទឹមនឹងអគាររដ្ឋបាលសាលាខេត្តថ្មី បាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយនោះ លោកបានឲ្យមន្ទីរជំនាញសិក្សាគម្រោង ធ្វើអាហារដ្ឋាន ក្នុងបរិវេណសាលាខេត្ត (កង់ទីន) ដើម្បីលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទក្នុងសាលាខេត្ត ជាពិសេសលើកទឹកចិត្តដល់បុគ្គលិក ដែលបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាមួយនឹងការបញ្ចុះតម្លៃពិសេស និងផ្តល់លទ្ធភាពឲ្យអ្នកវិនិយោគពី១៥ទៅ២០ឆ្នាំ ដោយយកតែពន្ធដីប៉ុណ្ណោះ។

នៅពេលគម្រោងនោះ ចាប់ផ្តើមអនុវត្តន៍ លោកមានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនសាងសង់ និងអ្នកវិនិយោគ នឹងធ្វើយ៉ាងណាខិតខំសាងសង់ ឲ្យបានហើយរួចរាល់តាមការគ្រោងទុក ពិសេសត្រូវរៀបចំកសាងនូវសោភណ្ឌភាព ឲ្យមានលក្ខណៈស្រស់បំព្រង និងប្រកបដោយភាពទាក់ទាញ ទៅតាមរចនាបទខ្មែរ និងមានលក្ខណៈបច្ចេកទេសរឹងមាំ។

ក្នុងថ្ងៃដដែលនោះ លោកបានដឹកនាំអភិបាលរងខេត្ត និងមន្ទីរជំនាញ បន្តចុះពិនិត្យ ច្រាំងស្ទឹងធ្វើទីលានប្រណាំងទូក នៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ផ្លូវលេខ១០១ ទល់មុខសាខាធនាគារជាតិកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៨ និងដើម្បីឲ្យសាកសមជាខេត្តមួយ ដែលទើបតែទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រ ផ្នែកសូចនាករទឹកស្អាត ក្នុងប្រទេសអាស៊ាន។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំទូកមួយអង្គភាព១ ដែលមានចំណុះប្រមាណ២៤នាក់ ក្នុងមួយទូក ដើម្បីធ្វើការប្រគួតប្រជែងប្រឡងប្រណាំង ក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យប្រពៃណីផ្សេងៗទៀតផងដែរ៕