(ភ្នំពេញ)៖ អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ ប្រទេសថៃនឹងមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញតាមផ្លូវគោកពីប្រទេសដទៃឆ្លងកាត់ប្រទេសថៃចូលមកកម្ពុជា ឬ ដឹកទំនិញពីកម្ពុជា ឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសដទៃទៀតនោះឡើយ។

បើតាមសេចក្តីសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការដែលប្រទេសលែងអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ប្រទេសដទៃ ឬពីប្រទេសដទៃចូលមកកម្ពុជានេះ ដោយសារតែច្បាប់គយថ្មីរបស់ប្រទេសថៃ បានហាមឃាត់មិនឲ្យមានការដឹកទំនិញពីបណ្តាប្រទេសនានាតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃនោះឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ដែរថា ខ្លួនកំពុងប្រឹងប្រែងរៀបចំអនុស្សារណៈនៃការយោគយល់គ្នាមួយស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ តែរហូតមកដល់ពេលនេះ អនុស្សារណៈនៃការយោគយល់គ្នានេះ កំពុងរង់ចាំសេចក្តីសម្រេចពីភាគីថៃ។ អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ខ្លួននឹងបន្តជំរុញភាគីថៃ ឲ្យពន្លឿនការសម្រេចលើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ធុរជននានា។

ក្នុងអំឡុងពេលដែលថៃហាមឃាត់ការដឹកជញ្ជូនឆ្លងកាត់ ហើយអនុស្សារណៈនៃការយោគយល់ការដឹកជញ្ជូនរវាងកម្ពុជា-ថៃមិនទាន់ឈានដល់ការព្រមព្រៀងគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសំណូមពរដល់ធុរជនដែលធ្លាប់ដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ពិចារណា និងត្រៀមទុកជាមុនក្នុងការកែប្រែតម្រាយផ្លូវដឹកជញ្ជូនទំនិញរបស់ខ្លួនឲ្យបានសមស្រប និងទាន់ពេលវេលា ជៀសវាងនូវការរងបច្ច័យអវិជ្ជមាននានា៕