(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធីពិនិត្យព្យាបាល រួមទាំង​ផ្ដល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ដល់អ្នកជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ សម្រាប់អ្នកចុះឈ្មោះ៥០នាក់ដំបូង ព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសវៀត​ណាម។

ការពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាស​ទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជណ្ឌិតឯកទេសវៀតណាម ដែលមានឈ្មោះល្បីល្បាញ និងមាន​បទពិសោធន៍ច្រើនឆ្មាំ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅ មន្ទីរពេទ្យជោរៃភ្នំពេញ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឲ្យបានសមស្របបំផុត។

លោកវេជ្ជបណ្ឌិត ផាន ក្វ័ងសឺន ឯកទេសព្យាបាលជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ បានឲ្យដឹងថា ជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទនេះ ជាជំងឺម្យ៉ាងដែលបណ្ដាលមកពីគ្រោះថ្នាក់​ចរាចរណ៍ឬគ្រោះថ្នាក់ផ្សេងៗ ដែលបណ្ដាលឲ្យបាក់ឆ្អឹងខ្នង ឬបណ្ដាលមកពីមនុស្សចាស់បណ្ដាលឲ្យឆ្អឹងខ្នងសឹក ខូចទ្រនាប់ឆ្អឹង​ខ្នង ឬឆ្អឹងចង្កេះជាដើម។

លោកវេជ្ជបណ្ឌិតបន្ដទៀតថា «ជំងឺនេះមានពីរកម្រិត រួមមានកម្រិតធ្ងន់ និងកម្រិតស្រាល ដែលកម្រិតស្រាលបណ្ដាលឲ្យស្រុតឆ្អឹង ឬប្រេះ​ឆ្អឹង ចំណែកឯកម្រិតធ្ងន់វិញអាចបាកឆ្អឹង បណ្ដាលឲ្យប៉ះពាល់ដល់ខួរឆ្អឹង ហើយប្រសិនបើខ្លាំង អាចបណ្ដាលឲ្យពិការថែមទៀត​ផងនេះ ជាកត្តាដែលបង្កឲ្យមានគ្រោះថ្នាក់បំផុត»

លោកបានបញ្ជាក់ទៀតថា កត្តាមួយទៀត បណ្ដាលមកពីអ្នកជំងឺដោយខ្លួនឯងមានន័យថា កាលណាអ្នកជំងឺនៅក្មេងធ្វើការធ្ងន់ ក៏អាច​ភ្លាត់​ឆ្អឹងគាប់សសៃ ធ្វើគៀបឆ្អឹងបណ្ដាល ឲ្យអ្នកជំងឺមិនអាចដើរបាន មួយវិញទៀតអាចមានដុំក្នុងខួរឆ្អឹងកងក ឬឆ្អឹងខ្នងវាអាចអ្នកជំងឺ​ស្វិត​ឬដើរមិនរួច។

លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា «ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ទាំងនេះ យើងគួរប្រុងប្រយ័ត្នយ៉ាងណាកុំឲ្យឈរ ឬធ្វើការដែល​ប៉ះពាល់ដល់ឆ្អឹង ដូចជាលើកធ្ងន់ អង្គុយមិនត្រង់ខ្លួនកត្តាទាំងនេះ ដែលបណ្ដាលឲ្យឈឺឬខូចឆ្អឹង»

គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យជោរៃនេះ នឹងធ្វើឡើងជារៀងរាល់ខែជាមួយ នឹងវេជ្ជបណ្ឌិតឯក​ទេសផ្សេងៗគ្នា ដើម្បីទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ដោយអ្នកជំងឺអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០២៣ ៦៨ ៤១ ០០១, ០២៣ ២៨ ៤១ ០០២៕