(ភ្នំពេញ)៖ តុលាការខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា នាពេលថ្មីៗនេះបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ Zhang San Huo ប្រធានក្រុមប្រឹក្សាភិបាល និងឈ្មោះ Tse Michael Nam (Xie Nan Yang) អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Green Leader Holdings Group Limited នៅហុងកុង ពីបទ «ក្លែងបន្លំ»។

ក្រុមហ៊ុន Green Leader Holdings Group Limited ដើមឡើយ គឺជាក្រុមហ៊ុន North Asia Resource Holdings Limited ជាក្រុមហ៊ុនចូលទីផ្សារភាគហ៊ុននៅហុងកុង ដែលដំបូងឡើយគឺធ្វើការអភិវឌ្ឍ ធនធានរ៉ែ នៅប្រទេសចិន ហើយប៉ុន្មានឆ្នាំថ្មីៗនេះបានចូលមកប្រទេសកម្ពុជាដើម្បីសហការជាមួយក្រុមហ៊ុនក្នុងស្រុកធ្វើការដាំដុះ និងកែច្នៃដំឡូងមី។

បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនដែលជាដើមបណ្តឹង ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការប្តឹងនិងឈានដល់ការចេញដីកាចាប់ខ្លួននេះ ដោយក្រុមហ៊ុននេះមានទីផ្សារភាគហ៊ុនមិនល្អឡើយនៅហុងកុង និងដោយសារការរាយការណ៍ក្លែងក្លាយអំពីស្នាដៃ និងការប្រើប្រាស់ ឧបាយកលឆបោកនានា ក៏កើតមានវិវាទជាច្រើនជាមួយក្រុមហ៊ុន ក្នុងស្រុកបណ្ដាលឲ្យរងការចោទប្រកាន់ និងប្ដឹងផ្ដល់។

បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនដែលជាដើមបណ្តឹង បានបន្តទៀតថា ក្នុងខែសីហាឆ្នាំនេះសាលាដំបូងខេត្តពោធិ៍សាត់បានទទួលបណ្ដឹង និងបន្ទាប់ពីធ្វើការស៊ើបអង្កេត និងស៊ើបសួររួច យល់ឃើញថា ឈ្មោះ Zhang San Huo និង Tse Michael Nam (Xie Nan Yang) មានជាប់ពាក់ព័ន្ធនឹងបទ «ក្លែងបន្លំ» ។ ចាប់ពីថ្ងៃទី៨ ខែកញ្ញា រហូតមក តុលាការបានចេញដីកាជាច្រើនរួមមាន ដីកាបញ្ជូនសំណុំរឿងឲ្យស៊ើបសួរ និងដីកាបង្គាប់ឲ្យចាប់ខ្លួន ។ល។ ដោយយល់ឃើញថា មានភស្ដុតាងបញ្ជាក់ថា ឈ្មោះ Zhang San Huo និង Tse Michael Nam (Xie Nan Yang) មានសកម្មភាពក្លែងបន្លំលើកិច្ចព្រមព្រៀងសហការ ជាមួយនឹងក្រុមហ៊ុនកម្ពុជាក្នុងស្រុក ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ក្រុមហ៊ុនក្នុងស្រុក ។

អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់ពីខាងក្រុមហ៊ុន Green Leader Holdings Group Limited បាននៅឡើយនោះទេ ជុំវិញការចេញដីកាចាប់ខ្លួននេះគិតត្រឹមល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ។

ដីការបស់តុលាការបានសន្និដ្ឋានថា ជនទាំងពីរខាងលើ មានសកម្មភាព «ក្លែងបន្លំ» ដែលមានស្ថានភាពធ្ងន់ធ្ងរ យោងតាមមាត្រា៦២៦ និង៦២៧ នៃក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ត្រូវកំណត់ជាបទល្មើសព្រហ្មទណ្ឌហើយបានសម្រេចបង្គាប់ឲ្យចាប់ខ្លួន៕