(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់តាម Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងបង្គន់អនាម័យសាធារណៈចំនួន៤៧៤បង្គន់ នៅទីតាំងចំនួន២៧កន្លែង បានបញ្ចប់រួចរាល់ហើយ ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ ជូនប្រជាពលរដ្ឋមកកំសាន្តសប្បាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយឥតគិតថ្លៃ។

បើតាមអ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ក្រុមកីឡាករចំណុះទូក ដែលត្រូវចូលរួមប្រកួតឆ្នាំនេះ ដែលគេរំពឹងថា នឹងមានចំណុះទូក ពី១៨,០០០នាក់ ទៅ២ម៉ឺននាក់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឲ្យស្នាក់នៅលើទីតាំងដីអភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC លើទំហំដីជាង៣ហិកតា ដោយមានការរៀបចំតបណ្តាញទឹក, ភ្លើង, បង្គន់អនាម័យ និងទីតាំងប្រគំតន្ត្រីផងដែរ។

លោក ម៉េត មាសភក្តី បានបន្ថែមទៀតថា ជាមួយគ្នានេះ រថយន្តសង្គ្រោះចំនួនសរុប៥៩គ្រឿង ក្នុងនោះមានរថយន្ត របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១៥គ្រឿង ត្រូវបានដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង រយៈពេល៣ថ្ងៃនៃពិធីបុណ្យរួមជាមួយស្តង់សង្គ្រោះចំនួន១២គោលដៅផ្សេងទៀត។

លោកបន្តថា ដោយឡែកចំពោះការរៀបចំទីតាំង សប្បាយភាព ការប្រគុំតន្ត្រី សិល្បៈ និងពិព័រណ៍មានជាង១០ទីតាំង។ ក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ រួមសហការជាមួយ ក្រុមហ៊ុនស៊ីនទ្រី នឹងប្រើប្រាស់កម្លាំងកម្មករចំនួន៨៥០នាក់ ដើម្បីប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅ ក្រុងក្នុងអំឡុងពិធីបុណ្យ រួមទាំងការបញ្ជៀសរថយន្តធំ មិនឲ្យចូលក្រុងតាមច្រកចូលរាជធានីភ្នំពេញទាំង៦។

លោកភក្តីបន្តទៀតថា ការងារសំខាន់ និងចាំបាច់មួយទៀត គឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការការពារព្រះរាជពិធីបុណ្យ និងធានាបាននូវភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋដែលនឹងចូល មករាជធានីភ្នំពេញរាប់លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕