(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ទៅលើការអប់រំ និងប្តេជ្ញាចិត្តមុះមុតក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំ ជាពិសេសជំរុញការកសាងធនធាមនុស្សឲ្យប្រកបដោយគុណភាព។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ ថា ការអប់រំនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមឲ្យបោះពួយទៅមុខប្រកបដោយភាពល្អប្រសើរ និងលឿនលយ ហើយការអប់រំល្អ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៧-២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌មានបាននាំឲ្យសង្គមនីមួយៗ ទទួលនូវឧត្តមភាព និងនាំឲ្យការវិវឌ្ឍយ៉ាងខ្លាំងក្លាដល់វិស័យអប់រំផងដែរ។ សម្តេចតេជោបន្តថា បើទោះបីបច្ចេកវិទ្យាមានការវិវឌ្ឍខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចទៅជំនួសឲ្យធនធានមនុស្សបានទាំងស្រុងឡើយ។

សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងលើកកម្ពស់ និងកែប្រែស្ថានភាពអប់រំនៅកម្ពុជាក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយយកអ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះនោះ បានបង្ហាញពីគុណតម្លៃនៃការអប់រំយ៉ាងដូច្នេះ «សង្គមជាតិមួយអាចរីកចម្រើនយ៉ាងណាក៏ដោយ ក៏មិនអាចទៅជំនួសឲ្យធនធានមនុស្សបានទាំងស្រុងឡើយ។ សង្គមជាតិមួយអាចរីកចម្រើនអាស្រ័យដោយសង្គមជាតិនោះ សម្បូរណ៌ដោយធនធានមនុស្សប្រកបដោយសក្តានុពល សមត្ថភាព ដែលអាចប្រែក្លាយសង្គមជាតិនោះឲ្យមានការអភិវឌ្ឍជឿនលឿនបានយ៉ាងឆាប់រហ័ស និងមានភាពកាន់តែរឹងមាំ ក្នុងន័យនេះពិតណាស់ធនធានមនុស្សនៅតែមានសារៈសំខាន់ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ»

«ក្នុងស្មារតីនេះ ខ្ញុំនៅតែយល់ថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។

នៅក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការអភិវឌ្ឍ «មូលធនមនុស្ស» ដើម្បីធ្វើឲ្យមុតស្រួចក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័សទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តលើកកម្ពស់គោលការណ៍ «ការអប់រំប្រកបដោយចិរភាព» តាមរយៈការធានាឲ្យបាននូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ដែលផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល និងនៅតាមតំបន់ព្រំដែនឲ្យទទួលបានការអប់រំជាមូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រពន្ធ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាចិត្តខិតខំពុះពារបន្តដោះស្រាយរាល់ចំណុចសេសសល់ និងសំណូមពរនានាក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំទាំងក្នុងតំបន់ និងពិភពលោក។

ក្នុងសារបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់នាំគ្នាយកកូនទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាលនេះឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅបន្ថែមឲ្យបានគត់មត់។ ជាមួយគ្នានោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រួល និងផ្តល់លទ្ធភាពជូនដល់កូនចៅប្រជាពលរដ្ឋឲ្យបានចូលរៀន និងរៀនបានចាប់តាមកម្រិតថ្នាក់យ៉ាងតិច ៩ឆ្នាំ និងជំរុញគាំទ្រឲ្យបានសិក្សារៀនសូត្រចប់ភូមិសិក្សារហូតដល់ឧត្តមសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ជាមួយការបើកបវេសនកាលនេះសម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានផ្តាំផ្ញើដល់កុលបុត្រខ្មែរទាំងយុវជន យុវនារីទាំងអស់ខិតខំសិក្សារៀនសូត្រឲ្យខ្ជាប់ខ្ជួន ព្រមទាំងចូលរួមក្នុងសកម្មភាពនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកសិស្សានុសិស្សឲ្យចងចាំថា បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតរុងរឿង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែនាំមិត្តភក្តិអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវជៀសវាងការសេពគប់មិត្តដែលប្រព្រឹត្តអបាយមុខផងដែរ៕