(ភ្នំពេញ)៖ គណបក្សនយោបាយមួយទៀត គឺគណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ដ៏ភ្ញាក់ផ្អើលដោយប្រកាសស្នើសុំឲ្យតុលាការកំពូលកាត់សេចក្តី សម្រេចរំលាយគណបក្សសង្រ្គោះជាតិឲ្យកាន់តែឆាប់ជាទីបំផុត និងប្រកាសគាំទ្រចំណាត់ការចាប់ឃុំខ្លួនលោក កឹម សុខា ដាក់គុក ព្រោះតែទង្វើក្បត់ជាតិ បំផ្លាញប្រទេសជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលានេះ។

គណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាមួយខ្លឹមសារធ្ងន់ៗថា «ក្រោយពីមើលឃើញនូវទង្វើក្បត់ជាតិរបស់ គណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន, គណបក្សសញ្ជាតិកម្ពុជា សូមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអន្តរាគមន៍ទាន់ពេលវេលាចាប់ឃុំខ្លួនលោក កឹម សុខា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិបម្រើបរទេស។ ជាពិសេសគណបក្សសញ្ជាតិកម្ពុជា ប្រកាសគាំទ្រឲ្យមានការរំលាយគណបក្សសង្រ្គោះជាតិ ព្រោះគណបក្សមួយនេះ បានចូលរួមបំផ្លិចបំផ្លាញប្រទេសជាតិ»។

គណបក្សសញ្ជាតិកម្ពុជា ក៏ស្នើសុំឲ្យតុលាការកំពូល កាត់សេចក្តីរំលាយគណបក្សសង្រ្គោះជាតិ ដែលមានពួកបរទេសនៅពីក្រោយខ្នងនេះ ឲ្យកាន់តែឆាប់ជាទីបំផុតកាន់តែប្រសើរ ដើម្បីរក្សាស្ថេរភាពនយោបាយដល់សង្គមកម្ពុជា។

គណបក្សសញ្ជាតិកម្ពុជា សូមគាំទ្រ និងចូលរួមតាមសេចក្តីប្រកាសអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពាររដ្ឋធម្មនុញ្ញ។

សូមជំរាបថា តុលាការកំពូល នឹងបើកសវនាការកាត់ក្តីរឿងករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។ តុលាការកំពូលបានចេញដីកាអញ្ជើញ ប្រធានគណបក្សសង្រ្គោះជាតិ មកចូលរួមសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅតុលាការកំពូល (បន្ទប់១)។

តាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយ លោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអញ្ជើញ ប្រធានគណបក្សសង្គ្រោះជាតិ មានទីស្នាក់ការ៖ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក នៅតុលាការកំពូល (បន្ទប់១) កម្មវត្ថុបណ្ដឹង ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។

ក្រោយពីគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានប្ដឹងទៅក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលលើ គណបក្សនយោបាយទាំងអស់នៅកម្ពុជា ដើម្បីសុំរំលាយគណបក្ស សង្គ្រោះជាតិរួច​មក ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងប្ដឹងរំលាយ គណបក្សប្រឆាំងមួយនេះបន្តទៅតុលាការកំពូល ហើយខណៈនេះ តុលាការកំពូល​ក៏កំពុងដំណើរការនីតិវិធីលើពាក្យបណ្ដឹងនោះផងដែរ។

មូលហេតុដែលនាំទៅដល់ការដាក់ពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិបែបនេះ ដោយសារមានការបែបធ្លាយសារ សំឡេង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយពីផែនការយុទ្ធសាស្ត្រធ្វើបដិវត្តពណ៌​ផ្ដួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ កាលពីឆ្នាំ២០១៣ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង។

សូមជំរាបថា ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ អាសនៈទាំង៥៥ របស់គណបក្សប្រឆាំងនេះនឹងត្រូវបែងចែកទៅឱ្យគណបក្សចំនួន៥ ក្នុងនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលបាន៤១អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន៦អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន៥អាសនៈ, គណបក្សសញ្ជាតិកម្ពុជា ទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទទួលបាន១អាសនៈ៕