(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ​ ស្ដីពីការកែតម្រូវ​ និងការធ្វើមោឃភាព នៃទិន្នន័យអត្រានុកូលដ្ឋាន ដើម្បីដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា សេចក្ដីណែនាំនេះ ត្រូវបានចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ។

តាមសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ដោយសារការផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋ នាពេលកន្លងមក ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋប្រមាណជិត៥% បាននិងកំពុងជួបប្រទះបញ្ហាខុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួន នៅក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាដទៃទៀត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋាន ប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័ត ដែលបានធ្វើឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងយ៉ាងខ្លាំង ក្នុងការស្នើសុំសេវារដ្ឋបាលផ្សេងៗ៕