(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោយការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបករណី​គ្រឿងញៀន នៅ២ស្រុកផ្សេងគ្នា ដោយនៅស្រុកជើងព្រៃឃាត់ខ្លួនជនសង្ស័យ៧នាក់ និងនៅស្រុកកំពង់សៀម ឃាត់ខ្លួនជនសង្ស័យ៣នាក់។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនៅស្រុកកំពង់សៀម នៅចំណុចភូមិអំពិលលើ ឃុំអំពិល ឃាត់ខ្លួន​ជនសង្ស័យ​០២នាក់ ទី១៖ឈ្មោះ សុខ ច័ន្ទដារ៉ា ​អាយុ៣៤ឆ្នាំ និងទី២៖ឈ្មោះ នី ស្រីណុច ភេទស្រី អាយុ២០ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់​ ម៉ូតូ​០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ចាម​1D-8539។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទូរស័ព្ទមកទិញថ្នាំញៀនចំនួន​៣ម៉ឺនរៀល សមត្ថកិច្ច​ក៏បានឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ ឡុង វិសាល ហៅ​លាង ​អាយុ​២៣ឆ្នាំ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជិះម៉ូតូមួយគ្រឿង ម៉ាកវីត្រុន ពណ៌ខៀវ គ្មានស្លាកលេខ ក្រោយមកសមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ សុខ ច័ន្ទដារ៉ា រកឃើញម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

ដោយឡែកប្រតិបត្តិការនៅស្រុកជើងព្រៃ នៅចំណុចភូមិប្របឹង ឃុំ​ស្តើងជ័យ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភិន យន ភេទប្រុស អាយុ៣៥ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន០១កញ្ចប់​។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យ សមត្ថកិច្ច​បានបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៦នាក់ផ្សេងទៀត។

ដោយជនសង្ស័យទី១៖ ឈ្មោះ អម ទូច អាយុ២៦ឆ្នាំ​, ទី២៖ ឈ្មោះ ធា វណ្ណា ​អាយុ២០ឆ្នាំ, ទី៣៖ឈ្មោះ​ តឿ ញ៉ែម ​អាយុ២៥ឆ្នាំ, ទី៤៖ឈ្មោះ​ ខ្លូត សុភក្តិ អាយុ​៣០ឆ្នាំ, ទី៥៖ឈ្មោះ​ ញាញ​ ប៊ុនតុង អាយុ២៤ឆ្នាំ​ និងទី៦៖ឈ្មោះ​ ភេន សុភីន អាយុ១៨ឆ្នាំ។ ក្នុងនោះដកហូតបាន ម៉ូតូចំនួន០៥គ្រឿង ទូរស័ព្ទដៃចំនួន០៤គ្រឿង និងប្រាក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់នេះ ត្រូវកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕