(ភ្នំពេញ)​៖ តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បើកសវនាការជំនុំជម្រះទោសក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ សវនាការនាព្រឹកថ្ងៃនេះ នឹងមិនមានវត្តមានរបស់លោក កឹម សុខា ជាជនជាប់ចោទនោះឡើយ។

សវនាការនាព្រឹកនេះ ជាសវនាការធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។

លោក​ សំ​ សុគង់​ មេធាវី​​ការពារ​​ក្តី​លោក​កឹម​ សុខា​ បាន​ប្រាប់​ Fresh News ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ជា​តំណាង​មហា​អយ្យការ​។​

បើទោះបីគ្មានវត្តមានរបស់លោក កឹម សុខា មកចូលរួមសវនាការយ៉ាងណាក្តី តែនៅតាមបណ្តាផ្លូវ និងជុំវិញបរិវេណតុលាការកំពូលនាព្រឹកថ្ងៃនេះ មានការដាក់កងកម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹង ហើយក៏មានបិទដងផ្លូវមួយចំនួនផងដែរ។ ការដាក់កម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរឹងនេះ បន្ទាប់ពីមានការអំពាវនាវមួយចំនួនឲ្យអ្នកគាំទ្រលោក កឹម សុខា ចូលរួមតាមដាននូវសវនាការមួយនេះ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​កន្លងទៅ លោក កឹម សុខា ត្រូវបានលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​ សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ក្រោយការសម្រេចរបស់សាលាដំបូងក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្តឹងប្រឆាំងការសម្រេចនេះទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះក្តីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។ តែសវនាការនោះ ក្រុមេធាវីការពារក្តីរបស់លោក កឹម សុខា មិនបានចូលក្នុងបន្ទប់សវនាការនោះឡើយ។ បើទោះបីមិនមានវត្តមានរបស់ក្រុមមេធាវី តែលោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ ពោលគឺ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ដដែល​៕