(ភ្នំពេញ)៖ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានថ្លែងទៅកាន់និស្សិត និងមន្ត្រីនៅស្ថាប័នរដ្ឋ និងឯកជនជាង១០០នាក់ ថា ដើម្បីឲ្យសង្គមួយមានការរីកចម្រើន លូតលាស់យ៉ាងល្អប្រសើរ លុះត្រាតែមានការរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យសូរិយាដី

លោកបន្ថែមទៀតថា ប្រសិនជាយើងមិនធ្វើការអភិឌ្ឍន៍វិស័យមួយនេះទេ វាធ្វើឲ្យមានការច្របូកច្របល់កើតឡើង ហើយទំនាស់នៅតែមានជារៀងរាល់ថ្ងៃ ដោយសារតែបញ្ហាអចលនទ្រព្យ ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។

លោកថ្លែងបែបនេះ នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ ស្តីពីការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២ជំនាញ «សុរិយោដី និងអភិរក្ស» ដែលរៀបចំឡើងដោយសាលាអន្តរជាតិ (IU) នាលា្ងចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលមានការចូលរួមពីមន្ត្រីជាន់ជាច្រើនរូប មកពីបណ្តាក្រសួងដែលពាក់ព័ន្ធ ហើយក្នុងនោះក៏មានការចូលរួមពីលោក គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃ និងភា្នក់ងារអចលទ្រព្យកម្ពុជាផងដែរ។

លោក សៀក វណ្ណា បានបញ្ជាក់ឲ្យដឹងថា «ដើម្បីអភិវឌ្ឍន៍សង្គមបាន លុះត្រាតែដល់ការអភិវឌ្ឍន៍ វិស័យសូរិយោដីនឹងផងដែរ ប្រសិនបើយើងមិនមានការអភិវឌ្ឍន៍ វិស័យសូរិយោដីនឹងទេ គឺនៅច្របូកច្របល់ ហើយទំនាស់នៅតែមានរហូត»

លោកបានបន្តទៀតថា សព្វថ្ងៃក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានខិតខំប្រឹងប្រែងខ្លាំង ក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅកម្ពុជា ជូនប្រជាពលរដ្ឋ ដូចដែលបានឃើញជាក់ស្តែង លោករដ្ឋមន្ត្រីបានដោះស្រាយ បានជាច្រើនធំៗជាច្រើន ជាពិសេសអគារប៊ូឌីញ ជាបញ្ហាមួយសម្រាប់ប្រជាពលរដ្ឋនៅទីនោះ តែទីបំផុតត្រូវបានដោះស្រាយរួចជាស្ថាពរ ដែលជាស្នាដៃដ៏ល្អសម្រាប់លោកទេសរដ្ឋមន្ត្រី។

បើតាម លោក នេត សារ៉ុម សកលវិទ្យាធិការរង នៃសកលវិទ្យាល័យអន្តរជាតិ បានឲ្យដឹងថា នៅចុងឆ្នាំ២០១៧ខាងមុខនេះ សកលវិទ្យាល័យបានបង្កើតថ្នាក់ជំនាញ «សុរិយោដី និងអភិរក្ស» ជូនដល់មន្ត្រីរាជការ ដែលមានបំណងចង់បន្ត យកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយឡែកមន្ត្រីតាមបណ្តាក្រសួងស្ថាប័ន ដែលពាក់ព័ន្ធត្រូវតែមានសញ្ញាបត្រ បរិញ្ញបត្រ និងបរិញ្ញាបត្ររង ស្របទៅតាមក្រសួងអប់រំកំណត់ឲ្យមាន ដែលនេះជាឱកាសដ៏ល្អមួយ សម្រាប់មន្រ្តីរាជការនៅតាមបណ្តាស្ថាប័ន ដែលពាក់ព័ន្ធនឹងជំនាញមួយនេះ៕