(ភ្នំពេញ)៖ សង្រ្គាមពាក្យសម្តីបង្ហាញពីការរង្គោះរង្គើក្នុងជួរថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានផ្ទុះឡើង និងបង្ហាញចេញមកហើយ។ តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់ថា ជាជនក្បត់ជាតិនោះ លោក ម៉ៅ មុនីវណ្ណ បានឆ្លើយតបវិញ ដោយស្នើឲ្យលោក សម រង្ស៊ី ធ្វើការពិចារណា ឬក៏អាចសួរជាមុនសិន មុននឹងចោទរូបលោកថាជាជនក្បត់បក្ស។

តាមរយៈទំព័រ Facebook របស់លោក ម៉ៅ មុនីវណ្ណ នៅថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៧ បានសរសេរឲ្យដឹងថា «កុំច្រឡំតាមកាច់មួលបង្ខូចដែលមានចរិតបំបែកបំបាក់ផ្ទៃក្នុង CNRP [សង្គ្រាមចិត្តសាស្ត្រ] នរណាខ្លះជាអ្មករៀបចំបញ្ជី? នរណាខ្លះអ្នកសម្រេច? តើអ្វីទៅជានីតិវិធី នៃការផ្គូផ្គងបេក្ខជនព្រឹទ្ធសភា? តើអ្វីទៅជានីតិវិធី គ.ជ.ប ថ្ងៃកំណត់ដាក់ពាក្យបេក្ខជន ថ្ងៃកែតម្រូវ និងថ្ងៃសម្រេចរបស់ គ.ជ.ប? ទាំងអស់នេះតើអស់លោកអ្នកបានយល់ទេ? បើមិនដឹងសួរគេសិន កុំចោទយៗ មិនល្អទេ»។

ប្រតិកម្មរបស់លោក ម៉ៅ មុនីវណ្ណ បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោក សម រង្ស៊ី បានហៅលោក ម៉ៅ មុនីវណ្ណ ថាជាជនក្បត់បក្ស។ លោក សម រង្ស៊ី បានថ្លែងថា «ឥឡូវមានអ្នកចេញមុខ ធ្វើតាមការណែនាំ និងការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា គឺលោក ម៉ៅ មុនីវណ្ណ។ លោក ម៉ៅ មុនីវណ្ណ គាត់ចេញមុខដើរទាក់ទងគេឲ្យទៅតាមគាត់ព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិហើយ គាត់ចង់មកធ្វើជាថ្នាក់ដឹកនាំជំនួសលោក កឹម សុខា ជំនួសអ្នកស្មោះត្រង់ដូច្នេះនេះជាអំពើក្បត់ ក្បត់ដ៏ថោកទាបដែលកូនខ្មែរទាំងអស់ កូនខ្មែរដែលមានកិត្តិយស កូនខ្មែរដ៏ឆ្នើម កូនខ្មែរដ៏ថ្លៃថ្នូរ មិនអាចទទួលយកបាន»។

ក្រៅពីការឆ្លើយតបទៅនឹងការចោទប្រកាន់នេះហើយ លោក ម៉ៅ មុនីវណ្ណ ក៏មានបង្ហោះសារក្នុងន័យឌឺដង និងផ្លែផ្កាឲ្យលោក សម រង្ស៊ី និងអ្នកស្ម័គ្រស្មោះរបស់លោកមួយចំនួនទៀត ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសផងដែរ។

លោក ម៉ៅ មុនីវណ្ណ បានថ្លែងថា ទោះបីពលីជីវិត ក៏រូបលោកមិនរត់ចោលសមរភូមិ និងមិនលក់ឧត្តមគតិជាដាច់ខាត។ ការអះអាងជំហរមិនរត់ចោលស្រុកចំពោះពេលស្ថានការណ៍នយោបាយកំពុងឡើងកម្តៅនេះ វាប្រៀបបាននិងការទះកំផ្លៀងលោក សម រង្ស៊ី ក៏ដូចជាអ្នកស្ម័គ្រស្មោះរបស់លោកមួយចំនួន ដែលតែងតែរត់ចោលស្រុក រត់ចោលអ្នកគាំទ្រ ពេលជួបបញ្ហានៅក្នុងប្រទេស ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនខកចិត្ត និងខកបំណង៕