(ភ្នំពេញ)៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចេញមកចោទដោយត្រង់ៗថា លោក ម៉ៅ មុនីវណ្ណ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិដែរនោះថា បានក្បត់បក្សដោយស្តាប់តាម ការបង្គាប់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ហើយថា លោក ម៉ៅ មុនីវណ្ណ កំពុងធ្វើបក្សប្រហារផងដែរ។

តាមរយៈវីដេអូឃ្លីបពីទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលបង្ហោះនៅលើទំព័រ Facebook នាព្រលប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវមានអ្នកចេញមុខ ធ្វើតាមការណែនាំ និងការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា គឺលោក ម៉ៅ មុនីវណ្ណ។ លោក ម៉ៅ មុនីវណ្ណ គាត់ចេញមុខដើរទាក់ទងគេឲ្យទៅតាមគាត់ព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិហើយ គាត់ចង់មកធ្វើជាថ្នាក់ដឹកនាំជំនួសលោក កឹម សុខា ជំនួសអ្នកស្មោះត្រង់ដូច្នេះនេះជាអំពើក្បត់ ក្បត់ដ៏ថោកទាបដែលកូនខ្មែរទាំងអស់ កូនខ្មែរដែលមានកិត្តិយស កូនខ្មែរដ៏ឆ្នើម កូនខ្មែរដ៏ថ្លៃថ្នូរ មិនអាចទទួលយកបាន»។

ក្នុងឃ្លីបវីដេអូនេះ លោក សម រង្ស៊ី ក៏បានសរសើរលោក កឹម សុខា បើទោះបីជាប់ពន្ធនាគារនៅតែរក្សាជំហររឹងមាំ ដោយមិនចុះញ៉មចំពោះស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ននេះ។ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលមិនអាចទ្រាំបានចំពោះស្ថានការណ៍នយោបាយនេះឲ្យភៀសខ្លួនចេញទៅក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា ការចេញមកប្រកាសចោទប្រកាន់ថាលោក ម៉ៅ មុនីវណ្ណ ក្បត់បក្សនេះ បានកើតមានឡើងបន្ទាប់ពីលោក ម៉ៅ មុនីវណ្ណ និងលោក ប៉ុល ហំម បានបញ្ជាក់ថា ការធ្វើបញ្ជីឈ្មោះបេក្ខភាពមកពីគណបក្សសង្រ្គោះជាតិដាក់ជូនទៅគណៈកម្មាធិការជាតិ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលនឹងធ្វើឡើងនាឆ្នាំ២០១៨
គឺការសម្រេចចិត្តរបស់លោក កឹម សុខា និងជាការធ្វើឡើងត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់គណបក្សផងដែរ។ ប៉ុន្តែលោកលោក សម រង្ស៊ី បានហៅការរៀបចំបញ្ជីឈ្មោះនេះធ្វើឡើងដោយមិនបានឆ្លងកាត់ ការសម្រេចរបស់គណៈកម្មការនាយក ក៏ដូចជាគណៈអចិន្រ្តៃយ៍បក្ស ហើយថា ការធ្វើនេះមិនមែនជាការសម្រេចរបស់លោក កឹម សុខា នោះឡើយ៕