(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានថានឹងមានការជួបជុំនៅខាងមុខតុលាការកំពូល, នៅព្រលប់ថ្ងៃទី៣០ ខែតុលានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រកាសតាមបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការ ទោះបីជាស្ថិតក្នុង​ទ្រង់ទ្រាយណាមួយក៏ដោយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងអះអាងយ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់ដែលនៅជុំវិញ​ភ្នំពេញក្ដី ទាំងនៅក្នុងក្រុងភ្នំពេញក្ដី ត្រូវប្រយ័ត្នប្រយែងចំពោះបុគ្គលណាក៏ដោយ ក្នុងការដែលមាន បំណងចង់មករំខានការអុកឡុកពេលបើកសវនាការ រឿងក្តី កឹម សុខា ត្រូវ​ហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការ ទោះបីជាស្ថិតក្នុង​ទ្រង់ទ្រាយណាមួយក៏ដោយ ហើយបើនៅតែប្រឈមនោះ យើងនឹងត្រូវអនុវត្តច្បាប់ភា្លមៗតែម្ដង»

ការប្រកាសភ្លាមៗរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា សកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ នឹងប្រមូលផ្តុំជួបជុំគ្នា​ នៅមុខតុលាការកំពូលនាថ្ងៃស្អែកទី៣១ ខែតុលា ឆ្នាំ២០១៧ ចំថ្ងៃបើកសវនាការរឿងក្តីសុំនៅក្រៅឃុំរបស់លោក កឹម សុខា ប៉ុន្តែករណីនេះពុំមានវត្តមានលោក កឹម សុខា នោះទេ។

មន្រ្តីជាន់ខ្ពស់តុលាការកំពូលមួយរូបបានឱ្យ​ដឹង​ថា​ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ នឹង​ពុំ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​ ទេ​ ដើម្បី​ជំនុំជម្រះ​បណ្ដឹង​ប្រឆាំងនឹង​ដីកាសម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

មន្ត្រី​តុលាការ​កំពូល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាងថា​ សវនាការនេះ​គឺ​ជា​រឿង​មុន​អង្គសេចក្តី​ ដែល​ពុំ​ចាំបាច់មាន​វត្តមាន​ជនត្រូវចោទ​ ចូលរួម​សវនាការ​ក៏​បាន​ដែរ​ ពោលគឺ​មាន​ត្រឹម​វត្តមាន​ក្រុម​មេធាវី​គឺ​គ្រប់គ្រាន់​ ព្រោះ​សវនាការនេះ​សួរ​ដេញដោល​ពាក់ព័ន្ធ​តែ​អង្គ​ច្បាប់​ប៉ុណ្ណោះ​៕