(​ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូពីនារីម្នាក់ បានសម្រេចត្រឹមតែ១០នាទីប៉ុណ្ណោះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ផ្លូវ​ចុះ​ចំណោត​​អាងក្រពើ​ចាស់​ នៅក្រុមទី១២ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយកើតហេតុភា្លមៗ និងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តទៀតនោះ ​លោកបានប្រកាស​​តាម​វិទ្យុ​ទាក់ទង​ ឲ្យ​កម្លាំងគ្រប់​មុខជំនាញ​​គ្រប់​មុខ​ព្រួញ​ទាំងអស់​ ដែល​កំពុង​មាន​ភារកិច្ច​ល្បាត​តាម​ដងផ្លូវ​ សហការ​គ្នា​ដេញ​ស្ទាក់​ចាប់​មុខ​សញ្ញា​ជាបន្ទាន់​។

ជា​លទ្ធផល​​រយៈ​ពេល​​ប្រមាណ​១០នាទីក្រោយ​ សមត្ថកិច្ច​​​ដេញចាប់​​មុខ​សញ្ញា​បាន​ នៅ​ផ្លូវ​ចូល​ទៅ​ក្បាល​ឆាយ​ ស្ថិត​ក្នុង​សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ​ ដែល​ជន​ល្មើស​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ចូល​ទៅ​តំបន់​នោះ​ និង​ចាប់​យក​បាន​ម៉ូតូ​ Honda Zoomer-X ១​គ្រឿង​ជា​វត្ថុ​តាង​នៃ​អំពើ​ប្លន់​។ បើតាមលោកស្នងការរង ជនសង្ស័យឈ្មោះ​ អ៊ុ​ ពិសិដ្ឋ​ ​អាយុ​២​៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ បានមក​ធ្វើការ​សំណង់​ ស្នាក់​នៅ​កន្លែង​ធ្វើ​ការ​ ក្រុម​ទី​៣​០​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​។ ដោយឡែកជនរងគ្រោះ​ឈ្មោះ​ សេង​ ស្រី​ពេជ្រ​ ភេទ​ស្រី ​អាយុ​១​៧​ឆ្នាំ​ ​ផ្ទះ​នៅ​ក្រុម​១​៧​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​។

បើតាមជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ ពេល​ដែល​នាង​ជូន​បង​ទៅ​ធ្វើការ​​​ក៏បាន​ឃើញ​ជន​សង្ស័យ​​នៅ​ឈរ​រ៉េ​រា​​​នៅ​ទីនោះ​ដែរ​ លុះ​ជិះ​ម៉ូតូ​ត្រឡប់​មកវិញ​ ស្រាប់តែ​ជនសង្ស័យ​ ចេញ​មក​ស្ទាក់​យក​ដុំ​ថ្ម​គប់​ នាង​បាន​គេច​​ហើយ​ក៏​ដួល​ម៉ូតូ​​ត្រូវ​របួស​ រួចជន​នោះ​បាន​លើក​យក​ម៉ូតូ​ជិះ​គេច​សំដៅ​មករ៉ា ផ្លូវ​ជាតិ​លេខ​៤​តែម្តង។ ​
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនបែកគំនិតប្លន់យកម៉ូតូនេះ ដោយសារតែយកទូរស័ព្ទរបស់គេទៅបញ្ចាំ ក្រោយ​មក​គ្មាន​លុយ​ដើម្បី​​លោះ​យក​ទូរស័ព្ទ​ក៏បែក​គំនិត​ប្លន់​ម៉ូតូ​តែម្តង​។ ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕