(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ៥០០ និងអំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែលរៀបចំឡើងដោយមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅមុខវិទ្យាល័យហ៊ុនសែនពញាក្រែក តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

លោក​ លី ឡេង បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលធ្វើការក្នុងស្ថាប័នរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីធ្វើជាគំរូឈានមុខ គេក្នុងការបើកបរជាពិសេសការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ព្រមទាំងអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍ ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលានូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត នៅលើដងផ្លូវ ក្រោមពាក្យស្លោកដ៏មានអត្ថន័យដែលរាជរដ្ឋាភិបាលតែងតែផ្សព្វផ្សាយគ្រប់ទីកន្លែងនោះគឺ «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំអោយមានគ្រោះថ្នាក់ចរាចរណ៍»

លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានថ្លែងថា នៅក្នុងយុទ្ធនាការដែលធ្វើឡើងនាពេលនេះបានចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបើកបរពុំមានពាក់មួកសុវត្ថិភាពចំនួន៥០០មួក រួមជាមួយការណែនាំពីមន្ត្រីជំនាញព្រមទាំងផ្តល់នូវសៀវភៅអប់រំអំពីច្បាប់ ចរាចរណ៍ផ្លូវគោក ក៍ដូចជាចែក និងបិទនូវស្ទីកគ័រចំណាំងផ្លាតលើយាន្តជំនិះបងប្អូននៅនឹងកន្លែងផងដែរ ដែលក្រោមការឧបត្ថម្ភពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែគិតគូរ ជាប់ជាប្រចាំកន្លងមកពីសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានទទួលសុវត្ថិភាពនាពេលនោះ បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំខេត្តមន្ទីរសាធារណការ ជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែគិតគូរពីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋហើយបន្ទាប់ពីទទួលមួកនេះទៅពួកគាត់ សន្យាថានឹងពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ និងគោរពច្បាប់ចរាចរណ៍រាល់ពេលបើកបរដើម្បីការពារអាយុជីវិតពួកគាត់ និងអ្នកដទៃផងដែរ៕