(ពោធិ៍សាត់)៖ ឈើអារប្រភេទរាជកុលជាច្រើនកំណាត់ ដែលឈ្មួញឈើល្បីឈ្មោះពីរនាក់ (ឈ្មោះ ម៉េង និងឈ្មោះស្រេង) ជាបងប្អូនថ្លៃ និងគ្នាបានជួលកម្មករ ប្រើរណាយន្តជាច្រើនគ្រឿង ធ្វើសកម្មភាពជាក់ស្តែងអារឈើផ្តួលរំលំ នៅក្នុងដែនអភិក្សបរិស្ថាន ក្នុងតំបន់ជួរភ្នំទំព័រ តំបន់តាំងយ៉ តំបន់ទួលគ្រួស ក្នុងឃុំក្រពើរពីរ និងឃុំប្រម៉ោយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកវាលវែង សហការនឹងកងរាជអាវុធហត្ថខេត្តពោធិសាត់ ចុះបង្ក្រាបជាក់ស្តែង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ។

មន្ត្រីអាវុធហត្ថស្រុក បានថ្លែងថា ក្រោយការចុះបង្ក្រាបឈើទាំងនោះ កំពុងប្រមូលដើម្បីដឹកមករក្សាទុក ហើយសមត្ថកិច្ចនិងបន្ត រុករកកន្លែងផ្សេងទៀត ដែលកំពុងរងនូវកាប់បំផ្លាញ។

គួររំលឹកថា បទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះបានកក្រើកឡើងវិញ ពោលគឺក្រុមឈ្មួញអាងខ្នងបង្អែក ដែលជាអ្នកកាង នៅពីក្រោយមិនខ្វល់អ្វីឡើយ គឺមួយថ្ងៃៗមួយយប់ៗ ពួកគេសម្រុកដឹកឈើចែញពីតំបន់អភិរក្សបរិស្ថាន ក្នុងជួរភ្នំក្រវាញ ភាគកណ្តាលចេញតាមផ្លូវជាតិលេខ១៥៥ និង ផ្លូវលេខ៥៥ សំដៅមកផ្លូវជាតិលេខ៥ យ៉ាងគគ្លើនដោយមិនកោតក្រែងច្បាប់ទម្លាប់អ្វីឡើយ បើសមត្ថកិច្ចបរិស្ថានខេត្ត និងរដ្ឋបាលព្រៃឈើខេត្តវិញ ហាក់ដូចជាមិនហ៊ានបង្ក្រាបនោះទេ៕